បាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារហ៊ុយ ឡេង នៅក្រុងសិរីសោភ័ណនិងណែនាំអាជីវករបន្តពង្រឹងការអនុវត្តវិធានការ

បន្ទាយមានជ័យ៖ម្ចាស់ផ្សារហ៊ុយឡេងនិងក្រុមការងារកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគផ្នែកខាងក្នុង  បរិវេណនិងផ្ទះលក់ដូរក្នុងប្លុកផ្សារហ៊ុយ ឡេង នៅភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ។

    ការបាញ់ថ្នាំសម្លាប់មេរោគនេះជាការត្រៀមលក្ខណៈសម្បត្តិនិងក៏ធ្វើឡើងមុនពេលដែលអាជ្ញាធរមានសមត្ថកិច្ចអនុញ្ញាតិឲ្យអាជីវករចូលលក់ដូរជាធម្មតាឡើងវិញនាពេលខាងមុខ ។

    លោកហ៊ុយ ឡេង ប្រធានក្រុមហ៊ុនហ៊ុយ ឡេង ជោគជ័យបាន និយាយកាលពីថ្ងៃទី២២ខែកក្កដាថា ៖ កន្លងមក មេការនិងបុគ្គលិកផ្សារបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តន៏វិធានការ បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដោយអនុវត្តវិធានរាជរដ្ឋាភិបាល៣កុំ ៣ការពារ ២អនុវត្តនិងវិធានរបស់ក្រសួងសុខាភិបាល។

    ក្នុងនោះដែរ ផ្សារបានបំពាក់ឧបករណ៍វាស់កំដៅ  ដាក់អោយបាញ់អាល់កុល លាងដៃនឹងអាល់កុលឬជែល   ផ្តល់ម៉ាសអោយអាជីវករ ហើយតាមដានត្រួតពិនិត្យជាប្រចាំនូវការអនុវត្តជាក់ស្តែងនៃវិធានការខាងលើ ។

    ពោលគឺអាជីវករនិងអតិថិជនទាំងឡួាយណា ដែលមិនព្រមអនុវត្តវិធានការណែនាំខាងលើនឹងមិនអនុញ្ញាតិអោយចេញ ចូលឬលក់ដូរក្នុងផ្សារឡើយ ។

    បាននិយាយបន្តថា៖ ការបេីកយុទ្ធនាការ​ ចុះបាញ់ថ្នាំសម្លាប់មេរោគ​ក្នុងផ្សារនេះគឺដើម្បីបង្ការចម្លងមេរោគទៅមនុស្ស   ក៏ដូចជាបង្កើនអនាម័យបរិស្ថានល្អ ដែលជាការចូលរួមចំណែកជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ.១៩និងជម្ងឺកាចសាហាវដទៃទៀត ផង  

និងក៏ដើម្បីលើកកម្ពស់អនាម័យ សុខភាពពលរដ្ឋដែលជាអាជីវករនិងអតិថិជនទូទៅផង ។

    សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២១ លទ្ធផលតេស្តរហ័សរបស់គ្រូពេទ្យជួរមុខនៅសាលាបឋមសិក្សាហ៊ុន សែនសូភីបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១១នាក់។

ក្នុងនោះមានក្រុមគ្រួសារអាជីវករលក់ផ្លែឈើបោះដុំក្នុងផ្សារហ៊ុយ ឡេង៤នាក់និងអតិថិជន៣នាក់ ដែលបានឆ្លងមេរោគនេះមកពីកន្លែងផ្សេង។នៅរសៀលថ្ងៃទី១៨ខែកក្កដានោះ    អាជ្ញាធរមានសមត្ថកិច្ចនិងគ្រូពេទ្យជួរមុខក្រុងនិងខេត្តបានបើកការយកសំណាកអាជីវករ ,អតិថិជននិងអ្នកពាក់ព័ន្ធចំនួនជាង៤០០នាក់នៅនឹងទីតាំងផ្សារ។ ក្នុងនោះបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១១នាក់ទៀត ដែលក្នុងនោះក៏មានអាជិវករខ្លះនិងអតិថិជនខ្លះនិងអ្នកប៉ះពាល់ខ្លះ ។

   ក្រោយមកអាជ្ញាធរបានបិទផ្សារនេះបណ្តោះអាសន្ន  ហើយតម្រូវអោយអាជីវករ អតិថិជននិងអ្នកប៉ះពាល់អវិជ្ជមានត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ។

     ចំពោះអាជីវករដែលលទ្ធផលតេស្តអវិជ្ជមាន  នឹងអាចអោយចូលលក់ដូរឡើងវិញ  លុះត្រាបានធ្វើចត្តាឡីស័កនិងយកសំណាកគ្រប់ចំនួនតាមការណែនាំ៕ដោយ៖ឃិន គន្ធា