សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាំយកគ្រឿងឧបភោគ បរិភោគ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋជិត ២០០គ្រួសារ ដែលមានជីវភាពខ្វះខាត នៅក្នុងបរិបថ នៃជំងឺកូវីដ-១៩នេះ !

ខេត្តព្រះវិហារ៖ អភិបាលរងខេត្តព្រះវិហារ លោក លី សារ៉ារិទ្ធ ដែលជាអនុប្រធានកិត្តយស សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានដឹកនាំមន្ត្រី អ្នកមុខ អ្នកការ នាំយកគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកកម្ពុជា និងសម្ដេចតេជោ នាយករដ្ឋមន្ដ្រី តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋ ១៦៨គ្រួសារ រស់នៅក្នុងភូមិ ចំនួន៣ គឺភូមិធម្មជាតិសម្ដេចតេជោ ,ភូមិស្រអែមខាងជើង និងភូមិចំបក់សែនជ័យ ស្ថិតនៅក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត នាថ្ងៃទី២៣កក្កដាឆ្នាំ២០២១។
អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ ដែលរងវិបត្តិដោយជំងឺកូវីដ-១៩ ទាំង ១៦៨គ្រួសារ នៅក្នុងពេលនោះ ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ និងទឹកស៊ីអ៊ីវ ១យួរ ផងដែរ។
អភិបាលរងខេត្តព្រះវិហារ លោក លី សារ៉ារិទ្ធ ដែលជាតំណាងអាជ្ញាធរខេត្តព្រះវិហារ បានថ្លែងថា ថ្វីបើអំណោយទាំងនេះ មានចំនួនតិចតួចក៏មែនពិត ប៉ុន្តែ អាចជួយដោះស្រាយការលំបាករបស់បងប្អូន បានមួយគ្រាដែរ គ្រាដែលជំងឺកូវីដ១៩ កំពុងបន្តឆ្លងរីករាលដាល និងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដ៏គួរឲ្យព្រួយបារម្ភ នាពេលនេះ។
លោក លី សារ៉ារិទ្ធ បានថ្លែង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការអនាម័យឲ្យបានខ្ជាប់ខ្ជួន តាមរយៈការរួមគ្នាអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយតម្រូវឲ្យយើងទាំងអស់គ្នា អនុវត្តតាមវិធានការ ៣កុំ និង ៣ការពារ ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ ជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។ ហើយប្រសិនបើមានការសង្ស័យ និងមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ត្រូវរាយការណ៍ជាបន្ទាន់ ដល់អាជ្ញាធរមូលដ្ឋាន ដើម្បីមានវិធានការ បានទាន់ពេលវេលា និងទប់ស្កាត់ការឆ្លងរាលដាលពីសហគមន៍មួយ ទៅសហគមន៍មួយទៀត។ ម្យ៉ាងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ចំពោះគ្រោះធម្មជាតិ ដូចជា ភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាន់ ឬទឹកជំនន់ ដែលកើតឡើងជាយថាហេតុ ព្រោះត្បិតគ្រោះធម្មជាតិនោះ អាចយាយីអាយុជីវិតមនុស្ស សត្វ និងបំផ្លាញទ្រព្យសម្បត្តិរបស់បងប្អូនបានគ្រប់ពេលវេលា៕ ដោយ៖ឡុង សំបូរ