ឃាត់ខ្លួនជនសង្ស័យពីរនាក់ នាំមនុស្សឆ្លងដែនខុសច្បាប់

0

បន្ទាយមានជ័យ៖ កម្លាំងប៉ុស្តិ៍នគរបាលបឹងសាគូ នាំវរសេនាតូចនគរបាលការព្រំដែនគោកលេខ៩១១ សហការជាមួយកម្លាំងយោធាកងពល51 ឃាត់ខ្លួនជនសង្ស័យ02នាក់ នាំមនុស្សឆ្លងដែនខុសច្បាប់។ ឃាត់ខ្លួននៅវេលាម៉ោង៤,១៥នាទីទើបភ្លឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុច មុខកាស៊ីណូDNA ក្នុងភូមិក្បាលស្ពាន១ សង្កាតប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចនគរបាលការពារព្រំដែនគោក៩១១ បានប្រាប់ថា ជនសង្ស័យទាំងពីរនាក់ ១.ឈ្មោះ ឡូញ ឡែម ភេទប្រុស អាយុ២៩ឆ្នាំ (សង្ស័យមេខ្យល់) រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ សាន សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ (សង្ស័យមេខ្យល់) រស់នៅភូមិ/ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីកម្លាំងយើងបានសួរនាំ ហើយត្រួតពិនិត្យ ឃើញមាន ទូរស័ព្ទដៃ01គ្រឿង មានសារជាសម្លេងឆ្លើយឆ្លងគ្នា ចាំទទួលមនុស្សនៅខាងក្រោយផ្សាររោងក្លឿ(ប្រទេសថៃ) និងម៉ូតូ01គ្រឿង ម៉ាកហុងដា C125 ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ គ្មានស្លាកលេខ។
ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនិតីវិធី៕ សៅ នៅ