សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួនអ្នកលួចធ្វើអាជីវកម្មរ៉ែខុសច្បាប់ ១៥នាក់ រឹបអូសឧបករណ៍បម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនគ្រឿង នៅរយៈពេលពីរថ្ងៃចុងសប្តាហ៍មកនេះ !

ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចលាក់ ធ្វើអាជីវកម្មរ៉ែជាច្រើនកន្លែង ឃាត់ខ្លួនអ្នកពាក់ព័ន្ធប្រព្រឹត្តបទល្មើស ១៥នាក់ រឹបអូសម៉ាស៊ីនខួងជាច្រើនគ្រឿង រួមទាំងឧបករណ៍បម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនប្រភេទ ថែមទៀតផង។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមកិច្ចសម្របសម្រួលនៅក្នុងការចុះបង្ក្រាប ពីព្រះរាជអាជ្ញារង និងជាមន្ត្រីនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោក ជា សុភ័គ្រ បន្ទាប់ពីមានការអនុញ្ញាតពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ជេត ខេមរា នោះមក។ រីឯការចុះបង្ក្រាបទីតាំងលួចខួងរ៉ែខុសច្បាប់នោះ បានធ្វើឡើងនៅរយៈពេល ២ថ្ងៃបន្តបន្ទាប់គ្នា កាលពីថ្ងៃសៅរ៍២៤កក្កដា និងនៅថ្ងៃអាទិត្យ ២៥កក្កដា ឆ្នាំ២០២១ នាចុងសប្តាហ៍កន្លងមកនេះ នៅចំណុចត្រពាំងធំ ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំអូររៃ និងភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
មន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា ក្រោយការចុះពិនិត្យទីតាំងជីករណ្តៅរ៉ែ ដោយលួចលាក់នោះមក កម្លាំងអាវុធហត្ថខេត្ត ក្រោមការដឹកនាំពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានឈានទៅឃាត់ខ្លួនមនុស្ស ១៥នាក់ ដែលកំពុងធ្វើសកម្មភាពបើកការដ្ឋានខួងអណ្តូងរុករករ៉ែ ៣កន្លែង គឺនៅថ្ងៃ២៤កក្កដា ឃាត់ខ្លួនមនុស្ស ៧នាក់ ស្ថិតក្នុងឃុំអូររៃ និងនៅថ្ងៃ២៥កក្កដា ឃាត់ខ្លួនមនុស្ស ៨នាក់ ស្ថិតក្នុងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ព្រមទាំងរឹបអូសម៉ាស៊ីនសម្រាប់ខួងយកថ្មជម្រៅ ៥ ទៅ១០ម៉ែត្រ ក្នុងស្រទាប់ដីចំនួន ៣គ្រឿង និងឧបករណ៍បម្រើឲ្យការប្រប្រព្រឹត្តបទល្មើសជាច្រើនប្រភេទ ថែមទៀតផង។
មន្ត្រីសមត្ថកិច្ចនៅក្នុងការបង្ក្រាប បានអះអាងថា ការធ្វើអាជីវកម្មរ៉ែទាំងនេះ គឺគ្មានច្បាប់អនុញ្ញាតនោះទេ ក្រោយពីបានដឹងរឿងនេះ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ជេត ខេមរាបានបញ្ជាឲ្យកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យបន្តចុះរុករកម៉ាស៊ីនខួង និងសម្ភារបម្រើឲ្យមធ្យោបាយបទល្មើសខុសច្បាប់ ធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្ត និងដកហូតវត្ថុតាង ដើម្បីចងក្រងសំណុំរឿង បញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង ផ្ដន្ទាទោសតាមច្បាប់។
ប្រភពពីប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា សកម្មភាពដាក់ម៉ាស៊ីនខួងរុករករ៉ែនេះ ពួកគាត់សង្កេតឃើញថា គឺបានកើតឡើងមិនតិចជាង ៣ខែនោះឡើយ ហើយក៏គ្មានសមត្ថកិច្ចណា ចុះមកបង្ក្រាបដូចពេលនេះដែរ។
មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ខណៈនេះជនសង្ស័យទាំង ១៥នាក់ កំពុងស្ថិតក្រោមការសាកសួរ ពីកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថខេត្ត ហើយជនសង្ស័យ រួមនឹងវត្ថុតាងបទល្មើស ដែលរឹបអូសបាន នឹងត្រូវបញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង បន្ទាប់ពីកម្លាំងជំនាញ បានបញ្ចប់កិច្ចនីតិវិធសាកសួរនោះរួច៕ ដោយ៖ឡុង សំបូរ