ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ទទួល​សម្ភារបរិក្ខារពេទ្យ​ពីធនាគារវឌ្ឍនៈសាខាខេត្តកំពង់ចាម​ ដេីម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៧  ខែកក្តដា ឆ្នាំ២០២១នេះបានអញ្ជើញទទួលអំណោយឧបត្ថម្ភ​ជា​សម្ភារបរិក្ខារពេទ្យ ពីធនាគារវឌ្ឍនៈ សាខាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អគ្គនាយកធនាគារវឌ្ឍនៈ ដែលបានឧបត្ថឧបករណ៍តេស្តរហ័ស កូវីដ-១៩ ចំនួន ១២៥០ឈុត និងថ្នាំពេទ្យ ចំនួន៨០០ប្រអប់ ជូនដល់គណៈកម្មការខេត្តប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ដើម្បីយកទៅប្រើប្រាស់​ក្នុងយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ក៏ដូចជា​ការ​ទប់ស្កាត់​ព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ក្នុងក្របខណ្ឌខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា​ អំណោយមនុស្សធម៌របស់ធនាគារវឌ្ឍនៈសាខាខេត្តកំពង់ចាម នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលជំងឺដ៏កាចសាហាវនេះកំពុងតែគម្រាមកំហែងដល់អាយុជីវិត​មនុស្ស​ និង​សេដ្ឋកិច្ច​ប្រចាំថ្ងៃ​របស់​បងប្អូនប្រជាពលរដ្ឋ​ផងដែរ​ ៕