ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ នាំយកស្បៀងឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលីចំនួន១២គ្រួសារ

ខេត្តកំពង់ធំ៖ អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីចំនួន១២គ្រួសារ រស់នៅក្នងក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានជីវភាពខ្វះខាតស្បៀងអាហារ ដើម្បីដោះស្រាយដល់ក្រុមគ្រួសារប្រចាំថ្ងៃ និងបានទទួលការជួយឧបត្ថម្ភ ពីប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថា បញ្ហាការឆ្លងរីករាលដាលមេរោគកូវីត19 បានឆ្លងចូលដល់សហគមន៍ និងនៅតាមមូលដ្ឋានមួយចំនួននៅក្នុងខេត្តកំពង់ធំ កំណើនអ្នកឆ្លងការន់តែច្រើនឡើងជារៀងរាល់ថ្ងៃ ធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជា បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមិនអាចទៅប្រកបមុខរបរអ្វីដើម្បីយកមកចិញ្ចឹមជីវិតបាន ។
ដោយថ្ងៃនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការី នាំយកគ្រឿងឧបភោគ បរិភោគ ដែលបានជួយឧបត្ថម្ភ ពីសប្បុរសជននានា ឧបត្ថម្ភជូនក្នុងមួយគ្រួសារទទួលបាននូវអង្ករ២៥ គីឡូក្រាម .មី១ កេស.ទឹកត្រី ១យួរ .ត្រីខកំប៉ុង១យួរ និងទឹកសុទ្ធ១យួរ និងត្រូវបានចែកជូន នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹង សែន ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្ដេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានគូរយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ជាពិសេសនៅក្នុងកាលៈទេសៈប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ដោយការឆ្លងរីករាលដាលនៃមេរោគ covid-19 ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ត្រូវខិតខំថែរក្សាសុខភាពការពារខ្លួនឲ្យជៀសផុតពីការឆ្លងមេរោគកូវីដ19 ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តនូវវិធានការ3កុំនឹង3ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានត្រឹមត្រូវ ។

ក្រុមគ្រួសារអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី បានគោរពថ្លែងអំណរគុណដ៏សប្បុរសជននានា តាមរយៈគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបាននាំស្បៀងមកជួយឧបត្ថម្ភ បានទាន់ពេលវេលា ខណៈពេលដែលកំពុងតែខ្វះខាត និងសូមគោរពជូនពរ ដល់ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការកុំបីឃ្លៀងឃ្លាតឡើយ ។
ដោយ ប៊ុន រដ្ឋា