ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ចុះចាប់រថយន្តមួយគ្រឿង ដឹកជញ្ជូនឈើជាច្រើនម៉ែត្រគូប ប្រឆាំងនឹងវិធានការរបស់អាជ្ញាធរខេត្តព្រះវិហារ !

ខេត្តព្រះវិហារ៖ នាយរងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ លោក តូ សូថេត បានដឹកនាំមន្ត្រីព្រៃឈើជាច្រើននាក់ ប្រដេញស្ទាក់ចាប់រថយន្តប្រភេទកូរ៉េមួយគ្រឿង ដែលដឹកឈើលេខ២ ជាច្រើនម៉ែត្រគូប ដោយគ្មានច្បាប់អនុញ្ញាត ដែលជាសកម្មភាពផ្ទុយពីវិធានការរបស់អាជ្ញាធរខេត្តព្រះវិហារ ។ ការបង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់នោះ បានធ្វើឡើងនៅម៉ោងជាង ១០យប់ ថ្ងៃទី២៦កក្កដាឆ្នាំ២០២១ នៅលើដងផ្លូវជាតិលេខ ៦២ ត្រង់ចំណុចព្រៃបារាំង ស្ថិតក្នុងភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។
ភ្នាក់ងារព័ត៌មានបានរាយការណ៍ថា រថយន្តមួយគ្រឿងផ្ទុកឈើល្មើសច្បាប់ ដែលរងការបង្ក្រាប ចាប់ឃាត់ពីមន្ត្រីព្រៃឈើ កាលពីយប់មិញនោះ ជាប្រភេទហ៊ីយ៉ាន់ដាយ ( កូរ៉េ ) ទម្ងន់ ៣តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-2163 រថយន្តនេះត្រូវគេដឹងថា បានដឹកឈើចេញពីភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បើកបរឆ្លងកាត់ស្រុកឆែប ស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ ពេលមកដល់ចំណុចខាងលើ ក៏ត្រូវបានមន្ត្រីព្រៃឈើ ត្បែងមានជ័យ និងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើរវៀង ប្រដេញស្ទាក់ចាប់បាន នៅក្នុងពេលនោះតែម្តង។
ភ្នាក់ងារព័ត៌មានបានឲ្យដឹងថទៀតថា ក្រោយការបង្ក្រាប រថយន្តដែលមានផ្ទុកឈើអារមួយគ្រឿងនោះ ត្រូវបានបញ្ជូនយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀងទាំងយប់ ចំពោះឈើនៅក្នុងរថយន្តនោះ ជាប្រភេទឈើលេខ២ ហើយរហូតមកដល់ពេលនេះ នៅមិនទាន់ដឹងពីចំនួនម៉ែត្រគូបនោះទេ ព្រោះត្បិតមន្ត្រីជំនាញព្រៃឈើ មិនទាន់បានធ្វើការវាស់វែងនៅឡើយ។
គួររំលឹកថា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ នៅរយៈកាលកន្លងមក ក៏ដូចក្នុងពេលបច្ចុប្បន្ន លោកអភិបាលខេត្ត តែងបានដាស់តឿន ក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋាននីមួយៗ នៅទូទាំង ៨ក្រុង-ស្រុក ឲ្យពង្រឹងយន្តការ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេស ត្រូវតែទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន ក្នុងគ្រប់សកម្មភាពកាប់រុករានទន្ទ្រានដីរដ្ឋជាកម្មសិទ្ធិ ការប្រព្រឹត្តបទល្មើសព្រៃឈើ ធនធានធម្មជាតិ និងជីវចម្រុះ និងការប្រព្រឹត្តបទល្មើសធនធានរ៉ែ ដោយគ្មានច្បាប់អនុញ្ញាត ផងនោះដែរ។
ការប្តេជ្ញាចិត្ត និងការដាក់ចេញនូវវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់រូបភាពរបស់ អាជ្ញាធរខេត្តព្រះវិហារ រហូតមកទល់ពេលនេះ ត្រូវគេកត់សម្គាល់ឃើញថា ហាក់នៅមានកម្រិតនៅឡើយ ព្រោះត្បិតក្រុមឈ្មួញមួយចំនួន នៅតែមានលទ្ធភាពប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើ ការកាប់ទន្ទ្រានព្រៃឈើរដ្ឋ និងការធ្វើសកម្មភាពជីកកកាយរុករ៉ែក្រោមដី នៅក្នុងរង្វង់ដែនដីរដ្ឋបាលខេត្តព្រះវិហារ ជាដដែល៕ ដោយ៖ឡុង សំបូរ