កម្លាំងនគរបាលស្រុកស្វាយចេកឃាត់ខ្លួនបុរសម្នាក់សង្ស័យលួចសត្វគោអ្នកស្រុកបីក្បាលដឹកយកទៅធ្វើជំនួញ !

0

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់សង្ស័យលួចគោអ្នកស្រុក ដឹកចេញយកទៅធ្វើជំនួញ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ជាមួយរថយន្ត ១គ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនសត្វគោ ៣ក្បាល កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦កក្កដាឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ ៥៦A ចំត្រង់ណុចមុខវិទ្យាល័យ កកោះ ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
អធិការនគរបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ជា ស្លូញ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ជនសង្ស័យដែលបានធ្វើសកម្មភាពលួចគោនោះ ឈ្មោះ សោន ម៉ាញ ភេទប្រុសអាយុ ៤៥ឆ្នាំ រស់នៅភូមិស្នោ ឃុំត្រពាំងស្នោ ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ លោកអធិការថា ការឃាត់ជនសង្ស័យបាននៅពេលនេះ ក្រោយពីទទួលបានព័ត៌មានពីម្ចាស់គោ ឈ្មោះ វ៉ាត់ ផុន ភេទប្រុសអាយុ ៥៣ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ថា នៅយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ មានចោរចូលលួចគោញីរបស់គាត់ដល់ទៅចំនួន ៣ក្បាល ដែលសត្វគោទាំងនោះ គាត់បានចងទុកនៅជាប់ផ្ទះ និងក្រោយពីធ្វើសកម្មភាពលួចបានហើយ គេបានដឹកគោទាំងនោះតាមរថយន្តម៉ាកហុកឡកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ កំពត 2A-0595 ។
លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មាននេះរួចមក លោកក៏បានដឹកនាំកម្លាំងនគរបាលមួយក្រុម ចាំស្ទាក់ផ្លូវចេញចូលភូមិប្រាសាទ លុះដល់ម៉ោងជិត២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦កក្កដា២០២១ ស្រាប់តែបានឃើញរថយន្តដូចមានភិនភាគម្ចាស់គោ បានរាយការណ៍ កំពុងបើកនៅលើផ្លូវជាតិលេខ៥៦A កម្លាំងនគរបាលក៏បានធ្វើការឃាត់ត្រួតពិនិត្យរថយន្តនោះ និងបានរកឃើញ មានដឹកគោញី ៣ក្បាលពិតប្រាកដមែន ។ លោកអធិការបានបញ្ជាក់ទៀតថា ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នោះមក កម្លាំងអធិការដ្ឋាន បានឃាត់ខ្លួនអ្នកបើកបររថយន្ត និងសត្វគោ ៣ក្បាល នាំយកទៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសាកសួរ និងចងក្រងឯកសារ ចាត់ការតាមនិតិវិធីច្បាប់។ រីឯសត្វគោទាំង៣ក្បាលនោះ កម្លាំងនគរបាលជំនាញស្រុក បានប្រគល់ជូនម្ចាស់ដើមវិញ ក្នុងពេលនោះផងដែរ៕