ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ បញ្ជូនគ្រឿងចក្រដាក់ ជួសជុល និងកែលម្អរផ្លូវកោះកេរ្តិ៍ នៅមុខផ្សារកំពង់ប្រណាក ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការលើកកម្ពស់បរិស្ថាន នៅក្នុងក្រុងព្រះវិហារ !

ខេត្តព្រះវិហារ៖ កំណាត់ផ្លូវកោះកេរ្តិ៍រាប់រយម៉ែត្រ ដែលស្ថិតនៅខាងមុខផ្សារកំពង់ប្រណាក កណ្តាលដែនដីក្រុងព្រះវិហារ បានរងការខូចខាតជាអន្លើរៗ គ្រាដែលភ្លៀងបានធ្លាក់ជោគជាំ នាច្រើនថ្ងៃបន្តបន្ទាប់គ្នាមកនេះ និងនៅថ្ងៃទី២៨កក្កដានេះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានបញ្ជូនគ្រឿងចក្រជាច្រើនគ្រឿង រួមទាំងមន្ត្រីបច្ចេកទេស ដើម្បីធ្វើការជួសជុល កែលម្អរ និងការថែទាំផ្លូវកោះកេរ្តិ៍នេះឡើងវិញ និងក៏ដើម្បីសម្រួលការធ្វើដំណើរ ក៏ដូចជាការចូលលក់ដូររបស់អាជីវករ ក្រោយការបិទខ្ទប់ផ្សារអស់រយៈពេល ១៤ថ្ងៃកន្លងមកនេះ។
មន្ត្រីបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា ក្រោយពីបានពិនិត្យឃើញថា កំណាត់ផ្លូវ ១ខ្សែ គឺផ្លូវកោះកេរ្តិ៍ នៅមុខផ្សារកំពង់ប្រណាក មានប្រវែងជាង ១០០ម៉ែត្រ បានរងការខូចខាតជាអន្លើរៗ ដែលការខូចខាតនោះ អាចបណ្តាលមកពីចម្រោះទឹកភ្លៀងនារដូវវស្សា ដែលបានធ្លាក់ចុះមកបន្តបន្ទាប់គ្នានាច្រើនថ្ងៃនេះមក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក សំ លាងទ្រី បានប្រញាប់បញ្ជូនគ្រឿងចក្រគ្រប់ប្រភេទ ដែលពាក់ព័ន្ធនឹងការស្ថាបនាផ្លូវ រួមទាំងមន្ត្រីបច្ចេកទេសផងនោះដែរ ដាក់ឲ្យដំណើរការជួសជុល កែលម្អរ និងការថែទាំផ្លូវនេះឡើងវិញ ដើម្បីធានានិរន្តរភាពផ្លូវថ្នល់ ការជួយសម្រួលដល់ការធ្វើដំណើរ និងការជួយលើកកម្ពស់តម្លៃបរិស្ថាន នៅក្នុងក្រុងព្រះវិហារ ប្រកបដោយបរិយាកាសល្អប្រសើរ នៅក្នុងដំណាក់កាល នៃការឆ្លងរីករាលជំងឺកូវីដ-១៩នេះ។ លោកបានបន្តថា កំណាត់ផ្លូវដែលកំពុងដំណើរការជួសជុលនេះ មន្ត្រីជំនាញបច្ចេកទេស ក្រោមការចង្អុលបង្ហាញពី លោក សំ លាងទ្រី នឹងខិតខំអនុវត្តឲ្យបានរួចរាល់ នៅក្នុងរយៈពេល ១សប្តាហ៍ទៅមុខទៀតនេះ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងឲ្យដឹង នៅថ្ងៃ២៨កក្កដានេះថា ក្រៅពីការជួសជុល កែលម្អរ និងការថែទាំផ្លូវនៅក្នុងក្រុងព្រះវិហារ កាលពីថ្ងៃទី២៧កក្កដាម្សិលមិញ មន្ទីរសាធារណការខេត្ត ក៏បានបញ្ជូនគ្រឿងចក្រទៅធ្វើសកម្មភាព ស្រោចកៅស៊ូ សៀល លុបស្នាមប្រេះ ក្រាលដីល្បាយថ្ម លើកំណាត់ផ្លូវជាតិ និងការកៀរសម្រួលផ្លូវក្រាលគ្រួសក្រហម ចំនួន ៣ខ្សែ មានប្រវែងសរុបជាង ១០គីឡូម៉ែត្រ នៅក្នុងស្រុកពីរជាប់ព្រំដែនថៃ និងឡាវ ។
លោក សំ លាងទ្រី បានបព្ជាក់ថា កំណាត់ផ្លូវទាំង ៣ខ្សែ ដែលត្រូវជួលជុលឡើងវិញនោះ គឺកំណាត់ផ្លូវជាតិលេខ ៦២ ស្ថិតក្នុងស្រុកជាំក្សាន្ត ផ្លូវជាតិលេខ ៩២ ចាប់ពីព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង រហូតដល់បន្ទាយស្រមោច ស្ថិតក្នុងស្រុកឆែប និងផ្លូវ ១ខ្សែទៀត គឺផ្លូវទឹកក្រហម កៀរសម្រួលចាប់ពីចំណុចស្រះម្លិះ ដល់ភូមិទឹកក្រហម ស្ថិតក្នុងស្រុកជាំក្សាន្ត មានចំនួនសរុប ជាង ១០គីឡូម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនភោគផលកសិកម្មនានា ពីទីជនបទ មកកាន់ទីផ្សារលក់ដូរក្នុងមូលដ្ឋាននីមួយៗ របស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ បានយ៉ាងងាយស្រួល ឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។
លោក សំ លាងទ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានទាំងអស់ សូមបើកបរដោយការប្រុងប្រយ័ត្ន ក្រោយទទួលបានការកែលម្អរផ្លូវរួច សូមកុំបើកបរលើសល្បឿនកំណត់ ពេលបើកបរថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់ និងពេលបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា។ ទន្ទឹមនោះ ក៏ត្រូវរួមគ្នាបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣កុំ ៣ការពាររបស់ រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ដើម្បីខ្លួនយើង គ្រួសារយើង និងសហគមន៍យើង គ្មានកូវីដ-១៩ ៕ ដោយ៖ឡុង សំបូរ