មន្ត្រីអយ្យការ និងសាលាដំបូងខេត្តព្រះវិហារ នាំយកគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ទៅឧបត្ថម្ភប្រជាពលរដ្ឋជិត ៤០គ្រួសារ ដែលស្ថិតក្នុងតំបន់បិទខ្ទប់ ដើម្បីជួយសម្រួលដល់ការខ្វះខាតប្រចាំថ្ងៃ គ្រាដែលជំងឺកូវីដ-១៩ កំពុងបន្តរីករាលដាល នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ !

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋជិត ៤០គ្រួសារ ដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ទទួលបានអំណោយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ ពីស្ថាប័នអយ្យការ និងសាលាដំបូងខេត្តព្រះវិហារ នាថ្ងៃទី២៨កក្កដាឆ្នាំ២០២១នេះ។
ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានថ្លែងឲ្យដឹងថា ស្ថាប័នអយ្យការខេត្ត ក្រោមការដឹកនាំរបស់លោក ទី សុវិន្ទថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ និងក្នុងនោះ មានលោក សេង ម៉េងស៊្រុន, លោក ថុល គឹមហ៊ឹង, លោក គឹម សំលេង និង រូបលោក វុធ សាវី ផ្ទាល់ ដែលជាព្រះរាជអាជ្ញារងខេត្ត និងមានការចូលរួមចំណែកដ៏ធំធេង ពីសប្បុរសជននានាក្នុងខេត្តផងនោះ នៅក្នុងការឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគជាច្រើនមុខ មកដល់ស្ថាប័នអយ្យការ និងសាលាដំបូងខេត្ត ដើម្បីនាំយកទៅផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ ចំនួន ៣៩គ្រួសារ នៅក្នុងដែនដីក្រុងព្រះវិហារ។
លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ បានថ្លែងទៀតថា ការនាំយកអំណោយរបស់ស្ថាប័នអយ្យការខេត្ត និងសបុរសជនក្នុងខេត្ត ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងពេលនេះ គឺជាការឆ្លើយតបទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ និងដើម្បីចូលរួមការពារ នៃការរីករាលដាលជំងឺកូវីដ-១៩ (Covid-19) ផងនោះដែរ។ លោកថា អំណោយទាំងនោះ រួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ត្រីខកំប៉ុង និងប៊ីចេង ទុកសម្រាប់ដោះស្រាយក្នុងជីវភាពគ្រួសារ គ្រាដែលតំបន់បិទខ្ទប់នៅក្នុងក្រុង មិនទាន់បានបញ្ចប់ នូវវិធានការរដ្ឋបាលនៅឡើយ។
លោក វុធ សាវី ក្នុងនាមស្ថាប័នអយ្យការ និងសាលាដំបូងខេត្តព្រះវិហារ បានថ្លែង ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់ខ្ទប់ ក៏ដូចប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ទាំងអស់ សូមចូលរួមគោរព និងអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល គឺ ៣កុំ និង៣ការពារ ឲ្យខាងតែបានដាច់ខាត។ លើសពីនេះទៀត លោកព្រះរាជអាជ្ញារងខេត្ត ក៏បានផ្តាំផ្ញើរប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងអំឡុងពេលបិទខ្ទប់នេះ សូមធ្វើការទំនាក់ទំនងមកដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ ០៩៦ ២៧៥ ៦៤ ០៣ ដើម្បីលោក និងក្រុមការងាររបស់ស្ថាប័នអយ្យការខេត្ត រៀបចំចាត់ចែងនាំយកអំណោយ ទៅផ្តល់ជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតពិតប្រាកដ ឲ្យបានទាន់ពេលវេលា៕ ដោយ៖ឡុង សំបូរ