គណកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកវិទ្យាព័ត៌មានភូមិសាស្ត្រ (GIS) សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានបើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកវិទ្យាព័ត៌មានភូមិសាស្ត្រ (GIS) សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨កក្កដា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ផ្តល់នូវចំណេះដឹងជាមួលដ្ឋាន នៃបច្ចេកវិទ្យាព័ត៌មានភូមិសាស្រ្ត និងប្រព័ន្ធប្រមូលព័ត៌មានពីចម្ងាយ (Remote Sensing) សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ នៃក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន សរុប ១៥នាក់។

គូសបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលខាងលើ ត្រូវបានរៀបចំឡើង ដោយគោរពទៅតាម គោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយក្នុងបន្ទប់រៀន កំណត់ត្រឹមចំនួន ១៥នាក់ មានការធ្វើអនាម័យត្រឹមត្រូវ និងមានការធ្វើតេស្តរហ័ស ស្វែងរកកូវីដ-១៩ លើសិក្ខាកាមនិងគ្រូឧទ្ទេស មុនពេលចូលបន្ទប់រៀន។