អាជ្ញាធរជាតិព្រះវិហារ នឹងសាងសង់មណ្ឌលបដិសណ្ឋារកិច្ចមួយខ្នង សម្រាប់ទទួលអ្នកទេសចរ ដែលចូលមកទស្សនារមណីដ្ឋានប្រវត្តិសាស្ត្រនានា នៅក្នុងខេត្តព្រះវិហារ !

ខេត្តព្រះវិហារ៖ អាជ្ញាធរជាតិព្រះវិហារ ត្រូវគេឃើញ កំពុងរៀបចំទីធ្លារបរិវេណដ៏ធំទូលាយមួយ ដើម្បីដាក់ឲ្យដំណើរការសាងសង់មណ្ឌលបដិសណ្ឋារកិច្ច ១ខ្នង សម្រាប់ទទួលភ្ញៀវទេសចរ ដែលចូលមកទស្សនាកំសាន្ត រមណីដ្ឋាននានា នៅក្នុងខេត្តព្រះវិហារ។
ប្រភពដកស្រង់សម្តី មន្ត្រីអាជ្ញាធរជាតិព្រះវិហារ បានឲ្យដឹងថា មណ្ឌលបដិសណ្ឋារកិច្ចនោះ មានទីតាំងដ៏ធំទូលាយ ដែលស្ថិតនៅក្នុងបរិវេណ រមណីដ្ឋានប្រាសាទព្រះវិហារ ទល់មុខសារមន្ទីរធម្មជាតិសកល សម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកថា មណ្ឌលបដិសណ្ឋារកិច្ចនេះ មានអគារផ្តល់សំបុត្រ អគារព័ត៌មានទេសចរណ៍ អគាររង់ចាំ ចំណតសាធារណៈ ចំណតសហគមន៍ និងបន្ទប់ទឹក ថែមទៀតផង។
ប្រភពដដែលបានបញ្ជាក់ថា អគារមណ្ឌលបដិសណ្ឋារកិច្ចនេះ នឹងចាប់ផ្តើមដំណើរការសាងសង់ ពីពេលនេះតទៅ ដែលគ្រោងនឹងបញ្ចប់ក្នុងការសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះ។ មណ្ឌលបដិសណ្ឋារកិច្ចនេះ នឹងក្លាយជាគោលដៅទេសចរណ៍មួយយ៉ាងសំខាន់ សម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទព្រះវិហារ ក៏ដូចជា រមណីដ្ឋានប្រវត្តិសាស្ត្រ នានាជាច្រើនទៀតនៅក្នុងខេត្ត និងក៏ជាកត្តាមួយ អាចជួយជម្រុញឲ្យមានផ្សារភ្ជាប់ ទៅនឹងគោលដៅទេសចរណ៍ផ្សេងៗទៀត នៅក្នុងតំបន់ ផងនោះដែរ៕ ដោយ៖ឡុង សំបូរ