អង្គការសហប្រជាជាតិ បានផ្តល់ជំនួយថវិកា ៨លានដុល្លារ ដល់ប្រទេសហៃទី ខណៈមានអ្នកស្លាប់ កើនដល់ជិត ២ពាន់នាក់ នៅក្នុងគ្រោះរញ្ជួយដី!

ព័ត៌មានអន្តរជាតិ៖ សាកសពប្រជាជនហៃទី ប្រមាណជាង ១ពាន់ ៩០០នាក់ហើយ ដែលត្រូវគេរកឃើញ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដី កាលពីច្រើនថ្ងៃកន្លងមកនេះ។
ដោយឡែក អង្គការសហប្រជាជាតិ បានផ្តល់ជំនួយថវិកាចំនួន ៨ លានដុល្លារ ពីមូលនិធិឆ្លើយតបគ្រាអាសន្ន ដើម្បីគាំទ្រដល់ការឆ្លើយតបផ្នែកមនុស្សធម៌ នៅក្នុងប្រទេសហៃទី បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារតំបន់ការាបៀន ដែលជាតំបន់ក្រីក្រមួយ នៅក្នុងប្រទេសហៃទីនោះ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោកស្តេហ្វេន ឌូចារីក( Stephane Dujarric) បាននិយាយថាជំនួយនេះនឹងផ្តល់នូវតម្រូវការចាំបាច់ដល់ហៃទី ដូចជា ការថែទាំសុខភាព ការផ្គត់ផ្គង់ទឹកស្អាត ទីជម្រកបន្ទាន់ និងអនាម័យ សម្រាប់ប្រជាជន ដែលរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយនេះ៕