ប្រមុខអង្គការសហប្រជាជាតិថ្កោលទោស ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត នៅរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន

រដ្ឋធានីកាប៊ុល៖ សារព័ត៌មានរ៉យទ័របានផ្សាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្ម បំផ្ទុះគ្រាប់បែកអត្តឃាតពីរលើក ដែលបានសម្លាប់មនុស្សយ៉ាងហោចជាង ៧០នាក់ និងបង្ករឲ្យជនស៊ីវិលប្រមាណ ១៤០នាក់ទៀតរងរបួស នៅក្បែរអាកាសយានដា្ឋនទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ក្នុងសប្តាហ៍នេះ ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេរហ្វែន ឌូហ្ស៊ារីក បានប្រាប់សារព័ត៌មានរ៉យទ័រថា សោកនាដកម្មនេះ បានគូសបញ្ជាក់ ពីការប្រែប្រួលនៃស្ថានភាព នៅមូលដ្ឋានក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែ ក៏ពង្រឹងការតាំងចិត្តរបស់យើងផងដែរ នៅពេលយើងបន្តផ្តល់ជំនួយបន្ទាន់ នៅទូទាំងប្រទេស ក្នុងការគាំទ្រប្រជាជនអាហ្វហ្គានីស្ថាន។ តាមដែលយើងដឹងនៅពេលនេះ មិនមានជនរងគ្រោះ និងរបួសក្នុងចំណោមបុគ្គលិកអង្គការសហប្រជាជាតិនោះទេ។
ស្របពេលជាមួយគ្នានេះ អង្គការ NATO ក៏បានធ្វើការថ្កោលទោស ចំពោះការវាយប្រហារភេវរកម្មបំផ្ទុះគ្រាប់បែកអត្តឃាតនៅអាកាសយានដ្ឋានកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៣នាក់ ក្នុងនោះមានពលរដ្ឋអាហ្វហ្គានីស្ថាន៦០នាក់ និងទាហានអាមេរិក១៣នាក់ និង១៤០នាក់ទៀតរងរបួស។
មន្រ្តីអាមេរិកបាននិយាយថា មន្ទីរបញ្ចកោណបានត្រៀមខ្លួនជាស្រេច សម្រាប់ការវាយប្រហារសារជាថ្មីទៀតបស់ក្រុមរដ្ឋឥស្លាម ក្រោយទាហានអាមេរិក ត្រូវបានសម្លាប់នៅអាកាសយានដ្ឋាន រដ្ឋធានីកាប៊ុល ស្របពេលដែលប្រតិបត្តិការជម្លៀសមនុស្សរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាននៅតែបន្តនៅឡើយ។
មេបញ្ជាការ នៃទីបញ្ជាការកណ្តាលយោធាអាមេរិក លោក ខិនណេត ម៉ាកខេនហ្ស៊ី បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា កងទ័ពអាមេរិកដែលបានស្លាប់ ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាត នៅតំបន់អាកាសយានដ្ឋានកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានកើនឡើងដល់១៣នាក់ហើយ និង១៥នាក់ទៀតរងរបួស។ លោកបន្តថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតបានកើតមានឡើងនៅក្នុងទីក្រុងកាប៊ុល នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ (ម៉ោងក្នុងតំបន់) ដោយលើកទីមួយកើតឡើងនៅច្រក អាបប៊ី ហ្គេត នៃអាកាសយានដ្ឋានអន្តរជាតិ ហាមីដ កាហ្សៃ និងមួយលើកទៀត នៅក្នុងសណ្ឋាគារ បារ៉ុន។
ក្រោយការវាយប្រហារកើតឡើង ក្រុមភេរវករ ISIS-K បានចេញមុខអះអាងថា ពួកគេជាអ្នកស្ថិតនៅពីក្រោយទង្វើនេះ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រុម ISIS សមាជិករបស់ក្រុមនេះ បានរៀបធ្វើដំណើរទៅកាន់កន្លែងប្រមូលផ្តុំកកកុញ នៃក្រុមអ្នកបកប្រែ និងសម្របសម្រួលនៅក្នុងជំរុំ បារ៉ាន នៃកងទ័ពអាមេរិក ដែលស្ថិតនៅក្បែរព្រលានយន្តហោះទីក្រុងកាប៊ុល ហើយបន្ទាប់មកសមាជិកនោះក៏បានចុចបំផ្ទុះគ្រាប់បែកដែលនៅជាប់ខ្លួន៕