សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភផ្លែមៀន ៥ពាន់គីឡូក្រាម ដល់រដ្ឋបាលខេត្តព្រះវិហារ សម្រាប់បែងចែកដល់រដ្ឋបាលក្រុង-ស្រុក!

0

ខេត្តព្រះវិហារ៖ ផ្លែមៀន ៥ពាន់គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបាននាំយកមកផ្តល់ជូនរដ្ឋបាលខេត្តព្រះវិហារ សម្រាប់ការបែកចែងបន្តជូន រដ្ឋបាលក្រុង-ស្រុកទាំង៨ កងកម្លាំងទាំង៣ មន្ទីរសុខាភិបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្ត តាមរយៈមេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្ស លោកឧត្តមសេនីយ៍ឯក គង់ ប៊ុនលី នាថ្ងៃទី២៩សីហាឆ្នាំ២០២១ នៅសាលាខេត្តព្រះវិហារ។
នៅក្នុងពិធីប្រគល់ និងទទួលផ្លែមៀនទាំង ៥ពាន់គីឡូក្រាមនោះ បានធ្វើឡើងក្រោមវត្តមាន អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ,ថ្នាក់ដឹកនាំខេត្ត ក្រុង-ស្រុកទាំង៨ កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីសុខាភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ផងដែរ។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែង ដោយសម្តែងពីការដឹងគុណ និងអរគុណជាអនេកកប្បការចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្ដេចទាំងទ្វេរ តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត ពីភាពសុខទុក្ខរបស់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងនៅគ្រប់បណ្ដារាជធានី-ខេត្តទាំងអស់ ពិសេស គិតគូរ និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃ នៅក្នុងបរិបថដែលប្រទេសជាតិ កំពុងរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេស ជំងឺកូវីដ ប្រភេទDelta។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា នៅរយៈពេលកន្លងមក រដ្ឋបាលខេត្ត បានទទួលផ្លែមៀនពីសប្បុរសជននានាជាច្រើន ជាពិសេស ទទួលបានពីសម្តេចទាំងពីរ តាមរយៈនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សម្រាប់យកមកធ្វើការបែងចែកជូនមន្ត្រីជួរមុខ មន្ត្រីសុខាភិបាល កងកម្លាំងទាំង៣ រដ្ឋបាលក្រុង-ស្រុកទាំង៨ មណ្ឌលកុមារកំព្រា ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-៩ នៅតាមមណ្ឌលចត្តាឡីស័ក នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ថែមទៀត។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ នៅក្នុងខណៈនោះ ក៏បានបន្តធ្វើការបែងចែកផ្លែមៀន ដែលមានទម្ងន់ ៥ពាន់គីឡូក្រាមនោះ ទៅឲ្យមន្ទីរសុខាភិបាលខេត្ត អង្គភាពកងកម្លាំងទាំង៣ រដ្ឋបាលក្រុង-ស្រុកទាំង៨ ភ្លាមៗនៅក្នុងពេលនោះផងដែរ។
មេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្ស លោកឧត្តមសេនីយ៍ឯក គង់ ប៊ុនលី បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ លោក ប្រាក់ សុវណ្ណ ដែលបានខិតខំរួមគ្នាក្នុងការពង្រឹងយន្តការក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ ដែលស្របទៅនឹងគោលការណ៍ រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភបាលកម្ពុជា ដែលបានដាក់ចុះសម្រាប់ការអនុវត្ត ពិសេស ការអនុវត្តន៍វិធានការ ៣ការពារ និង ៣កុំ បានយ៉ាងល្អប្រសើរ៕ ដោយ៖ឡុង សំបូរ