អភិបាល​ខេត្ត​កំពង់ធំ​បញ្ជាឲ្យ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ផ្សារ​ទាំងបីនៅក្នុងក្រុងស្ទឹងសែនមុនពេលបើកដំណើរការលក់ដូរឡើងវិញ

0

ខេ​ត្តកំពង់ធំ​: ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ សកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ ផ្សារចំនួន ៣ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុនពេល ដាក់ដំណើរការ ឱ្យលក់ដូរឡើងវិញ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២១​។
សកម្មភាព បាញ់ថ្នាំសម្លាប់មេរោគ ដោយអញ្ជើញ ចូលរួម​ឯកឧត្តមសុខ​ លូ អភិបាលខេត្តកំពង់ធំ. និងលោកម៉ាក.ប៊ុនហុង អភិបាលក្រុងស្ទឹងសែន រួមទាំងមន្ត្រីជំនាញជាច្រើនរូប បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ជុំវិញបរិវេណផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ​19​ ខណៈ​ពេលដែល មេរោគដ៏កាចសាហាវនេះ កំពុងតែឆ្លងរាតត្បាត ចូលក្នុងសហគមន៍ ជាពិសេសខេត្តកំពង់ធំ។
ប្រជាពលរដ្ឋ រួមទាំងអាជីវករក្នុងផ្សារទាំងបី មានសេចក្តី​ត្រេកអរយ៉ាងខ្លាំង ចំពោះការបើកដំណើរការ ឱ្យលក់ដូរឡើងវិញ នៅព្រឹកថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២១​នេះ​ ដោយសារកន្លងមក ការអាក់ខានលក់ដូររបស់គាត់ បានធ្វើឱ្យ មានការខ្វះខាត​ជាច្រើន​ នឹងសង្ឃឹមថាការបើកជាផ្លូវការ​ ដល់ការលក់ដូរឡើងវិញនេះ ធ្វើឲ្យជីវភាពរបស់គាត់បានធូរស្រាល។
ឯកឧត្តមសុខ​ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ផ្សារទាំងបី នៅក្នុងក្រុងស្ទឹងសែន នឹងបើកដំណើរការឡើងវិញ ក្រោយពេលដែលបានបាញ់ ថ្នាំសម្លាប់មេរោគរួចហើយ ក្នុងនោះ សូមឱ្យបងប្អូន អាជីវករ និងប្រជាពលរដ្ឋ បន្តចូលរួម សហការការពារទប់ស្កាត់ ការឆ្លង រីករាលដាល មេរោគកូវីត19 ដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល រួមទាំង អនុវត្ត វិធានការបីកុំបីការពារ របស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាចុងក្រោយ ឯកឧត្តមបានរំលឹក ដល់អាជ្ញាធរស្រុកក្រុង ភូមិសង្កាត់ ណែនាំឱ្យបងប្អូនប្រជាពលរដ្ឋមាតាបិតា អាណាព្យាបាល នាំកូនចៅ ដែលមានអាយុចាប់ពី ១២ ឆ្នាំ រហូតដល់ ១៧ ឆ្នាំ មកចាក់វ៉ាក់សាំង ការពារ ប្រឆាំងមេរោគកូវីត19 ឲ្យបានគ្រប់គ្នា និងសូមយោយល់សម្រួលឯកសារការចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្នា៕ ដោយ​ ប៊ុន វាសនា​