អាជ្ញាធរខេត្តឧត្តរមានជ័យ សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំង ២១កន្លែង នៅក្នុងស្រុងអន្លង់វែង

0

ខេត្តឧត្តរមានជ័យ៖ ទីតាំង ២១កន្លែង ត្រូវបានអាជ្ញាធរខេត្តឧត្តរមានជ័យ ធ្វើការបិទខ្ទប់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៦កញ្ញាឆ្នាំ២០២១ តទៅ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំងទាំងនោះ មានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវី៥-១៩។ ទីតាំងទាំង ២១កន្លែង ដែលត្រូវបិទខ្ទប់នោះ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរ​មានជ័យ។

អាជ្ញាធរខេត្ត បានប្រកាសថា នៅក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកអន្លង់វែងត្រូវហ៊ុមព័ទ្ធទីតាំងចំនួន ២១កន្លែង និងផ្អាកការចេញ-ចូលទីតាំងទាំងនេះ ក្នុងការស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក។ រដ្ឋបាលស្រុកអន្លង់វែង ត្រូវណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្ត ដែលមានជាធរមាន។

អាជ្ញាធរខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា កូកូ ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកអន្លង់វែង មន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២១ នេះតទៅ៕ ដោយ៖ឡុង សំបូរ