សាច់សត្វជ្រូក ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន៣តោន ត្រូវអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វបង្ក្រាប

0

ខេត្តបន្ទាយមានជ័យ៖ សាច់ជ្រូក ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន ៣តោន ដឹកតាមរថយន្ត ២គ្រឿងលួចចេញពីប្រទេសថៃ ចូលមកតាមច្រកបឹងត្រគួន យកមកលក់ចែកចាយក្នុងទីផ្សារក្នុងខេត្តបន្ទាយមានជ័យ ត្រូវអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វបង្ក្រាបបាននាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចច្រកព្រំដែនបឹងត្រកួន ភូមិបន្ទាយមានរិទ្ធ ឃុំគោគរមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានឲ្យដឹងថា៖ ការបង្ក្រាបរថយន្តទាំង២គ្រឿង ដែលលួចដឹកសាច់សត្វនោះ ក្រោមការដឹកនាំដោយផ្ទាល់ពីឯកឧត្តមតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងសហការជាមួយ វរ:ព្រំដែន៨០៧នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចុះស្ទាក់ចាប់រថយន្ត២គ្រឿង ម៉ាក ISUZU ពណ៍ស ជាប្រភទរថយន្ត Pickup ពាក់ស្លាកលេខ Thailand។

ក្រោយពីឃាត់រថយន្តទាំង២គ្រឿងនេះបានឆែក ឆេក្នុងរថយន្តបានរកឃើញ សាច់សត្វជ្រូក, ស្លាបមាន់, គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន ៣តោន ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។ ចំពោះវត្ថុតាងខាងលើនេះត្រូវបានជំនាញយកទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ហើយ ៕