ជនសង្ស័យ០៣នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅសង្កាត់ផ្សារឆ្នាំង

0

ខេត្តកំពង់ឆ្នាំង៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០២១ បានចេញប្រតិបត្តិការចុះបង្រ្កាបករណី:រក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅចំណុចភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។

ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការនៃស្នការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរ:សេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងផងដែរ។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យអ្នកព័ត៌មានដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួន ទី១.ឈ្មោះ យឺន ចេក ភេទប្រុសអាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង, ទី២.ឈ្មោះ សាន ពិសី ភេទស្រីអាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនី រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង និងមានដីកាបង្គាប់ឲចាប់ខ្លួនលេខ២៧៣/២០ ពីបទ:ផ្តល់ទីតាំង ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងទី៣.ឈ្មោះ ចាន់ ភក្តី ភេទប្រុសអាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក បញ្ជាក់ថា ក្នុងការបង្រ្កាបខាងលើនេះ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងរួមមានថ្នាំញៀនចំនួន០៥កញ្ចប់ ស្មើ៤,៧២ ក្រាម ទូរសព្ឌ័០២គ្រឿង ឧបករណ៍វេចខ្ចប់ និងសម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ ក្រោយចាប់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕