ខេត្តកែប ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ឡើងទៅ

0

ខេត្តកែប៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាសំាងកូវីដ-១៩ និងឯកឧត្ដម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតី ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ នៅភូមិសាស្ត្រខេត្តកែប។

ពិធីបិទយុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្នុងបរិវេណមន្ទីរពេទ្យខេត្តកែប ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ ប្រតិភូអមដំណើរ របស់ក្រសួងសុខាភិបាល លោកលោកស្រីអភិបាលរងខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធរួមទាំងប្រជាពលរដ្ឋផងដែរ។

មានប្រសាសន៍ស្វាគមន៍ ក្នុងពិធីនោះ ឯកឧត្តម សោម ពិសិដ្ឋ បានបញ្ជាក់ថា ប្រជាពលរដ្ឋទូទាំងខេត្តកែប បានចាក់វ៉ាក់សាំងដូសទី១ បានចំនួន២៦,៧៥៩នាក់ ស្មើនឹង១០៣%, ដូសទី២ ចំនួន២៦,៩២០នាក់ ស្មើនឹង៩៦% ដោយបានប្រើប្រាស់គ្រូពេទ្យចំនួន៥ក្រុម គ្រប់ឃុំ-សង្កាត់ ទូទាំងខេត្ត។ ដោយឡែកកុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំង ដូសទី១ បានចំនួន ៤,៧៨៣នាក់ ស្មើនឹង៧៤% និងដូសទី២ កំពុងដំណើការចាក់ជារៀងរាល់ថ្ងៃ។ សម្រាប់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលឯកជន បុគ្គលិកសុខាភិបាលស័្មគ្រចិត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងកងកំលាំងជួរមុខ ទូទាំងខេត្ត ទទួលបានវ៉ាក់សាំងដូសជម្រុញ ចំនួន១,៩០៤នាក់ ស្មើនឹង៨៦% នៃចំនួនសរុប ២,២១៩នាក់។

ឯកឧត្តមអភិបាលខេត្តកែប ក៏បានបញ្ជាក់អំពីស្ថានភាពជំងឺកូវីដ-១៩ ដែលក្នុងនោះមានអ្នកជំងឺសរុប៤៨៣នាក់ បានព្យាបាលជាសះស្បើយចំនួន ៣៨៤នាក់ ,ស្លាប់២នាក់ និងកំពុងសម្រាកព្យាបាល៩៧នាក់ ចំណែកអ្នកប៉ះពាល់ដែលដាក់ធ្វើចត្តាឡីស័កនៅផ្ទះចំនួន៦០នាក់។

មានប្រសាសន៍ក្នុងពិធីប្រកាសបិទយុទ្ធការនេះដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការបង្កើតឱ្យមាននូវភាពស៊ាំក្នុងសហគមន៍ទប់ទល់ ទៅនឹងជំងឺកូវីដ-១៩ ជាយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅបើកដំណើរការជាប្រប្រតីឡើងវិញលើគ្រប់វិស័យ ហេតុនេះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានប្រកាស ផ្តល់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទស កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ពេលនេះសម្រេចបាន ប្រមាណជាង៩០%ហើយ នៅទូទាំងប្រទេស ដែលនេះបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខមាលភាព និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ។

លោកជំទាវរដ្ឋលេខាធិការ ក៏បានកោតសរសើរខ្ពស់ចំពោះ រដ្ឋបាលខេត្តកែប លើយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដែលទទួលបានលទ្ធផលល្អ ទាំងការព្យាបាលអ្នកជំងឺកូវីដ ការស្រាវជ្រាវរកបុគ្គលប៉ះពាល់ រួមទាំង យុទ្ធនាការចាក់វ៉ាក់សាំង ដែលឈានដល់ការបិទបញ្ចប់ជុំទី១ ដោយជោគជ័យ។

លោកជំទាវ បន្តថា ការបិទយុទ្ធនាក់ចាក់វ៉ាក់សាំងនេះ សម្រាប់តែប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងតែប៉ុណ្ណោះ ដោយឡែក កុមារអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំគឺនៅបន្តចាក់ជាធម្មតា។ លោកជំទាវ សុំឱ្យរដ្ឋបាលខេត្ត រក្សាវ៉ាក់សាំងមួយចំនួនសម្រាប់បងប្អូនដែលជាប់ធ្វើចត្តាឡីស័ក និងពលករដែលទើបត្រឡប់មកពីបរទេស ដើម្បីឱ្យពួកគាត់មានឱកាសទទួលបាន វ៉ាក់សំាងសម្រាប់ជាកងការពារខ្លួន ក្នុងនោះដែរ លោកជំទាវ ក៏បានអំពាវនាវអោយបងប្អូនទាំងអស់នៅតែបន្តអនុវត្តវិធានការសុខាភិបាល បើទោះបីបានទទួលវ៉ាក់សាំងរួចហើយក្តី៕