ខេត្តប៉ៃលិន ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ក្នុងក្របខណ្ឌខេត្តប៉ៃលិន

0

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណអធិបតី ពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ក្នុងក្របខណ្ឌទូទាំងខេត្តប៉ៃលិន។

ពិធីនេះប្រព្រិត្តទៅនៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ របស់ក្រសួងសុខាភិបាល លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានអង្គភាពពាក់ព័ន្ធ ក្រុមគ្រូពេទ្យជួរមុខ លោកគ្រូ អ្នកគ្រូ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងប្រជាពលរដ្ឋជាច្រើនផងដែរ។

មានប្រសាសន៍ស្វាគមន៍ ក្នុងពិធីនោះ លោក ជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ប្រជាពលរដ្ឋទូទាំងខេត្តកែប បានចាក់វ៉ាក់សាំងដូសទី១ បានចំនួន ៤១,៩៧៧ ស្មើនឹង ១០២,៣៩%, ដូសទី២ ចំនួន ៣៩,៥៦៦នាក់ ស្មើនឹង ៩៦,៥១% % ដោយបានប្រើប្រាស់គ្រូពេទ្យចំនួន៧ក្រុម គ្រប់ឃុំ-សង្កាត់ ទូទាំងខេត្ត។ ដោយឡែកកុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំង ដូសទី១ បានចំនួន ៨,៥២៨នាក់ ស្មើនឹង ៨៥,២០% និងដូសទី២ កំពុងដំណើរការចាក់ជារៀងរាល់ថ្ងៃ។ សម្រាប់ក្រុមគ្រូពេទ្យ បុគ្គលិក សុខាភិបាលឯកជន បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងកងកម្លាំងជួរមុខ ទូទាំងខេត្ត ទទួលបានវ៉ាក់សាំងដូសជម្រុញ ចំនួន ២,៣៧៣នាក់ និងកំពុងដំណើរការចាក់។លោកជំទាវ អភិបាលខេត្ត ក៏បានបញ្ជាក់អំពីស្ថានភាពជំងឺកូវីដ-១៩ ដែលក្នុងនោះមានអ្នកជំងឺសរុប ២,០៥៧នាក់ បានព្យាបាលជាសះស្បើយចំនួន១,៧៨២នាក់ ,ស្លាប់ចំនួន ០៥នាក់ និងកំពុងសម្រាកព្យាបាល ២៧០នាក់ ចំណែកអ្នកប៉ះពាល់ដែលដាក់ធ្វើចត្តាឡីស័កនៅផ្ទះចំនួន ២៥០នាក់។

មានប្រសាសន៍ ក្នុងពិធីប្រកាសបិទយុទ្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនអាយុ១៨ឆ្នាំ ឡើងទៅក្នុងខេត្តកែបនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការបង្កើតឱ្យមាននូវភាពស៊ាំក្នុងសហគមន៍ទប់ទល់ ទៅនឹងជំងឺកូវីដ-១៩ ជាយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅបើកដំណើរការជាប្រក្រតីឡើងវិញលើគ្រប់វិស័យ ហេតុនេះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានប្រកាស ផ្តល់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទស កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ពេលនេះសម្រេចបាន ប្រមាណជាង៩០%ហើយនៅទូទាំងប្រទេស ដែលនេះបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកជំទាវរដ្ឋលេខាធិការ ក៏បានកោតសរសើរខ្ពស់ចំពោះ រដ្ឋបាលខេត្តប៉ៃលិន លើយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដែលទទួលបានលទ្ធផលល្អ ទាំងការព្យាបាលអ្នកជំងឺកូវីដ ការស្រាវជ្រាវរកបុគ្គលប៉ះពាល់ រួមទាំងយុទ្ធនាការចាក់វ៉ាក់សាំង ដែលឈានដល់ការបិទបញ្ចប់ជុំទី១ ដោយជោគជ័យ។លោកជំទាវបន្តថា ការបិទយុទ្ធនាការចាក់វ៉ាក់សាំងនេះ សម្រាប់តែប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងតែប៉ុណ្ណោះ ដោយឡែកកុមារអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ គឺនៅបន្តចាក់ជាធម្មតា។ លោកជំទាវ សុំឱ្យរដ្ឋបាលខេត្ត រក្សាវ៉ាក់សាំងមួយចំនួនសម្រាប់បងប្អូនដែលជាប់ធ្វើចត្តាឡីស័ក និងពលករដែលទើបត្រឡប់មកពីបរទេស ពីសេសពលករដែលមកពីប្រទេសថៃ ដើម្បីឱ្យពួកគាត់មានឱកាសទទួលបាន វ៉ាក់សាំងសម្រាប់ជាកងការពារខ្លួន ក្នុងនោះដែរ លោកជំទាវក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់នៅតែបន្តអនុវត្តវិធានការសុខាភិបាល បើទោះបីបានទទួលវ៉ាក់សាំងរួចហើយក្តី៕