សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ផ្តល់ផ្ទះថ្មីមួយខ្នង ជូនគ្រួសារអតីតយុទ្ឋជនពលី ដោយផ្ទះចាស់ត្រូវអគ្គីភ័យឆាបឆេះ

0

ខេត្តកំពង់ធំ៖ គ្រួសារអតីតយុទ្ធជនពលីឈ្មោះសាន ស៊ឹម បន្ទាប់ពីអគ្គីភ័យបានឆាបឆេះផ្ទះខ្ទេចអស់គ្មានសល់ ក៏បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តាមរយៈឯកឧត្តម ទេសរដ្ឋមន្ត្រីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដឹកនាំសាងសង់ដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងបានប្រគល់ជូននៅព្រឹកថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០២១។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំសហការី និងអាជ្ញាធរដែនដី ចុះប្រគល់ផ្ទះថ្មី ដែលជាខ្នងផ្ទះលើកទី១៩៨ ជូនគ្រួសារអតីតយុទ្ធជនពលីឈ្មោះសាន ស៊ឹម អាយុ៦៩ឆ្នាំមានកូននៅក្នុងបន្ទុកចំនួន៦នាក់ អំណោយសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលមានផ្ទះថ្មីដែលទើបសាងសង់រួចប្រគល់ជូន គ្រួសារអតីតយុទ្ធជន ពលីនៅពេលនេះ គឺជាខ្នងផ្ទះទី១៩៨ ដែលមានទំហំ ៤មX៦ម សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ នៅភូមិត្រពាំងចំបក់  ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  ។

ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីអគ្គីភ័យឆាប់ឆេះផ្ទះអស់ គ្រួសារអតីតយុទ្ធជ នពលីនេះ បានសុំផ្ទះអ្នកជិតខាងជ្រកកោន តែដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានឲ្យសមាគមអតីតយុទ្ធជនខេត្ត រៀបចំសាងសង់ផ្ទះជូន ដើម្បីឲ្យរស់នៅបានសមរម្យ និងបានគិតគូរអំពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន នៅគ្រប់ទីកន្លែង ព្រោះអតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេង ចំពោះប្រទេសជាតិបាននាំមកនូវសុខសន្តិភាព ពេញលេញដូចសព្វថ្ងៃនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី មានអង្ករ៥០ គីឡូក្រាមមី២កេស ទឹកត្រី១យួរ ទឹកសុទ្ធ០២យួរ និងថវិកាមួយចំនួនផងដែរ ក្រុមគ្រួសារអតីតយុទ្ធជនពលី បានគោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលតែងតែខ្នះខ្នែង ជួយដល់គ្រួសារអតីតយុទ្ធជនគ្រប់ទិសទី ក្នុងខេត្តកំពង់ធំ និងជាទីពឹងខ្នងបង្អែកដ៏រ៉ឺងមាំ សម្រាប់គ្រួសារអតីតយុទ្ធជនដែលជួបផលលំបាក៕