សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ លក់ផ្លែមៀនប៉ៃលិន និងមៀនបាត់ដំបង ក្នុង១គីឡូ តម្លៃ១.៩០០រៀលតែប៉ុណ្ណោះ

0

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ បានសហការជាមួយក្រុមការងារលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានរៀបចំទីតាំងលក់ផ្លែតាង៉ែន ឬមៀនប៉ៃលិន ដោយលក់ជូនបងប្អូនរស់នៅក្នុងខេត្តកំពង់ធំ ចំនួន ១៥តោន ដោយលក់ក្នុង១គីឡូក្រាមតម្លៃ ១.៩០០រៀលប៉ុណ្ណោះ។

ចំពោះការលក់នេះដែរ មានទីតាំងនៅមុនភោជនីយដ្ឋាន ឡូវគឹមសេង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងនោះកសិករដែលលក់ផ្លែមៀនប៉ៃលិន មៀនបាត់ដំបង និងទាំងប្រជាជនដែលទិញទាំងអស់បានសាទរយ៉ាងខ្លាំងចំពោះយុទ្ធនាការនេះ។ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ពិតជាមានក្ដីរំភើប និងកក់ក្ដៅបំផុត នៅពេលឃើញការសាមគ្គីដ៏រឹងមាំ របស់សប្បុរសជនប្រជាជាតិខ្មែរយើង និងបានគាំទ្រផ្លែមៀនប៉ៃលិន និងមៀនបាត់ដំបង យ៉ាងច្រើនកុះករផងដែរ។

ជាមួយគ្នានោះ ដោយមានការចូលរួមពីសំណាក់បងប្អូនកម្លាំងអង្គរក្ស និងកម្លាំងយោធភូមិភាគ៥ យ៉ាងយកចិត្តទុកដាក់បំផុតទើបអាចយកលក់ឲ្យបងប្អូនតាមខេត្តមួយចំនួន ក្នុងតម្លៃទាបបានផងដែរ។ នេះជាយុទ្ធនាការដ៏ត្រចះត្រចង់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ព្រោះដោយសារបញ្ហាកូវីដ-១៩ មិនត្រឹមតែកង្វះទីផ្សារប៉ុណ្ណោះទេ ផ្លែមៀនប៉ៃលិនបាត់ដំបង ក៏បានជន់ជោរនៃរដូវប្រមូលផលហើយភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឲ្យកសិករមិនអាចប្រមូលផលទាន់ពេលវេលា៕