គម្រោងជួសជុលផ្លូវចាក់បេតុងអាមេប្រវែង១,២៥០ម៉ែត្រ ទទឹង១០ម៉ែត្រ ត្រូវបានរៀបចំពិធីបើកការដ្ឋាននៅព្រឹកនេះ

(ខេត្តកែប)៖ គម្រោងជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង១,២៥០ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុង/ខេត្តកែប ត្រូវបានរៀបចំពិធីបើកការដ្ឋាន នៅព្រឹកទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត កែប ។ ដោយផ្លូវមួយនេះបានតភ្ជាប់ពីផ្លូវជាតិលេខ៣៣ កាត់ខាងក្រោយវត្តកែវក្រសាំងឆ្ពោះទៅផ្លូវជាតិលេខ៣៣អា។

ពិធីនេះក៏មានវត្តអញ្ជេីញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត តំណាងកងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកស្រី អភិបាលក្រុងកែប ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងបងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ការបេីកការដ្ឋានជួសជុល និងចាក់បេតុងអាមេលើផ្លូវមួយខ្សែនេះ គឺអនុវត្តន៍តាមផែនការអភិវឌ្ឍន៍ខេត្ត ដេីម្បីរួមចំណែកសម្រាល និងបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វេីដំណេីរឆ្លងកាត់ ដែលកន្លងមកតែងជួបនូវការលំបាក ម្យ៉ាងទៀតក៏ជាការចូលរួមចំណែក កែលម្អ សោភ័ណ្ឌភាព ក្នុងក្រុងកែប របស់យេីងផងដែរ។

ឯកឧត្តមបានបន្ថែមទៀតថា នេះជាសកម្មភាពមួយដោយអនុវត្តតាមគោលនយោបាយជាតិដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយផ្តោតសំខាន់លើ មនុស្ស ទឹក ផ្លូវ ភ្លើង ហើយផ្លូវនេះពិតជាមានសារៈសំខាន់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះទៅកាន់ឆ្នេរកែប ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ បានយ៉ាងឆាប់រហ័ស និងងាយស្រួលផងដែរ។

ឯកឧត្ដម អភិបាលខេត្ត ក៏បានផ្តាំផ្ញេីរដល់អាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋសូមចូលរួមសហការគ្នា ថែរក្សា និងដាំដើមឈើ នៅតាមបណ្តោយផ្លូវនេះ ដេីម្បីបង្កេីតនូវសោភ័ណភាព និងជាប្រយោជន៍សាធារណ:បានយូរអង្វែង។

ជាមួយនេះ ឯកឧត្តម បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ឪពុកម្ដាយ ដែលមានកូនចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ សូមនាំកូនទៅទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគា្ន និងត្រូវចូលរួមអនុវត្តវិធានការណ៍ ៣ការពារ ៣កុំ ទើបមិនមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង៕ សេង ណារិទ្ធ