បែកធ្លាយរូបមន្រ្តីនគបាលខេត្តបាត់ដំបងជាច្រើនរូប ជួបជុំផឹកស៊ីសប្បាយ ផ្គើននឹង វិធានការសុខាភិបាល

0

ខេត្តបាត់ដំបង: ថ្មីៗនេះមានការបែកធ្លាយរូបជាច្រើនសន្លឹក បង្ហាញពីការជួបជុំផឹកស៊ីយ៉ាងសប្បាយ ពីសំណាក់មន្រ្តីនគបាលខេត្តបាត់ដំបង ដោយក្នុងនោះក៏មានវត្តមាន ស្នងការរងនគរបាលខេត្ត ជាច្រើនរូបផងដែរ ។

ការជួបជុំផឹកស៊ីយ៉ាងសប្បាយនេះ ត្រូវបានប្រភពទម្លាយអោយដឹងថា គឺផឹកស៊ីក្នុងហាងមួយកន្លែង កណ្តាលក្រុងបាត់ដំបង នារាត្រីថ្ងៃទី១១ខែកញ្ញា ជាកម្មវិធី ជួបជុំកូនចៅលាគ្នាចុងក្រោយ ជាមួយលោកស្នងការរងទទួលផែនបុគ្គលិក ដែលបានប្រកាសចូលនិវត្តន៍។

រូបថតដែលបែកធ្លាយនេះឃើញមានស្នងការរងច្រើនរូប ក្នុងនោះក៏មានលោក អ៊ឹម កុសល ស្នងការរងទទួលផែនផ្សព្វផ្សាយនិងជាប្រធានក្រុមប្រតិកម្មរហ័ស នៃស្នងការខេត្ តនិង លោក សៅ សាម៉ុន ស្នងការរង ដែលទើបប្រកាសចូលនិវត្តន៍ថ្មីៗនេះផងដែរ និង មានមន្រ្តីនគបាលជាច្រើនរូប ដែលពួកគាត់មិនឃើញមានការពាក់ម៉ាស់ ឬ រក្សាគម្លាត តាមវិធានការរបស់ក្រសួងសុខាភិបាលនោះឡើយ។

ការលេចធ្លាយរូបផឹកស៊ីលើបណ្តាញសង្គមនេះ ត្រូវបានមហាជនរិះគន់ យ៉ាងចាស់ដៃ ចំពោះការជួបជុំផឹក ស៊ីរបស់មន្រ្តីនគបាល ដែលចាត់ទុកជាមន្រ្តីជួរមុខ មិនបានគោរពទៅតាមការណែនាំរបស់ក្រសួង សុខាភិបាល ពិសេស វិធានការបីកុំ និង បីការពារ របស់រាជរដ្ឋាភិបាល ។

ទាក់ទងការលេចធ្លាយរូបភាព នៃការជួបជុំផឹកស៊ីនេះ អ្នកព័ត៌មានយើងមិនទាន់អាចទាក់ទងមន្រ្តីខាងលើ បំភ្លឺបាននោះទេ ។ ទោះបីជាយ៉ាងណាក៏លោក ឧត្តមសេនីយ៍ សាត គឹមសាន ស្នងការនគបាលខេត្តបាត់ដំបង បានប្រាប់ កាសែតក្នុងស្រុកថា លោកមិនបានដឹងថាមានការរៀបចំការផឹកស៊ីអ្វីនោះទេ ?ហើយគេ ក៏មិន បានហៅលោកអោយចូលរួមដែរ ។ លោកស្នងការថា ទង្វើរនេះមិនសមនោះទេ លោកនឹង ហៅមន្រ្តីទាំងនោះមកសាកសួរ និង ធ្វើការណែនាំ ៕ អត្ថបទ : សោ និយមរ័ត្ន