វគ្គបណ្ដុះបណ្ដាលស្ដីពីក្រមសីលធម៌ នីតិវិធីនៃបណ្ដឹង និងទោសបញ្ញត្តិ បទបញ្ជានិតិវិធីពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ 

កំពង់ធំ៖ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំបានបើកវគ្គបណ្ដុះបណ្ដាលស្តីពីក្រមសីលធម៌សម្រាប់ភ្នាក់ងារគណបក្សនយោបាយ និងឃោសនិក ក្រោមអធិបតីភាពឯកឧត្តម នូ ចាន់ដេត សមាជិកក្រុមក្រុមប្រឹក្សាខេត្ត ជាអនុប្រធានគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោត លោកផា ណង ជាសមាជិកគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោត និងលោក ហូរ ហួត ជាអនុប្រធានឃោសនាអប់រំខេត្ត និងជាសមាជិកគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោត ជាគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោល សម្រាប់ភ្នាក់ងារគណបក្សនយោបាយ និងឃោសនិក សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ នៅទីស្នាក់កាតគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះផងដែរ លោកផា ណង ជាសមាជិកគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោតជាគ្រូឧទ្ទេស បានលើកឡើងពីដំណើរការបោះឆ្នោតប្រព្រឹត្តទៅតាមច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គណៈកម្មការជាតិរៀបចំការបោះឆ្នោត(គជប) មានតួនាទី/ភារកិច្ចក្នុងការរៀបចំចាត់ចែងចេញជាបទបញ្ជានិងនីតិវិធីសម្រាប់ដំណើរការបោះឆ្នោតតាមអាណត្តិនីមួយៗ។ សម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១គឺជាបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ជាមួយគ្នានេះផងដែរឯកឧត្តម នូ ចាន់ដេត សមាជិកក្រុមក្រុមប្រឹក្សាខេត្ត ជាអនុប្រធានគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោតបានធ្វើបទបង្ហាញពីនីតិវិធីនៃបណ្ដឹងនិងទោសបញ្ញត្តិសម្រាប់ភ្នាក់ងារគណបក្សនយោបាយនិងឃោសនិកសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២។ ក្រុមឃោសនិកនីមួយៗ ត្រូវមានប្រធានដឹកនាំ តម្រង់ទិសអំពីខ្លឹមសារឃោសនា ចាត់ចែងសកម្មភាពឃោសនាធ្វើរបាយការណ៍បូកសរុបលទ្ធផលដកបទពិសោធន៍ ដឹកនាំកិច្ចប្រជុំនានា។

លោក ហូរ ហួត ជាអនុប្រធានឃោសនាអប់រំខេត្ត និងជាសមាជិកគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោត ជាគ្រូឧទ្ទេស បានលើកបង្ហាញក្នុងគោលបំណងរួម ៖ លើកកម្ពស់ឥទ្ធិពល ប្រជាប្រិយភាព និងការគាំទ្រចំពោះគណបក្ស ក្នុងការឃោសនាបោះឆ្នោត គឺធ្វើឲ្យ អ្នកបោះឆ្នោត ចង់បោះឆ្នោតជូនគណបក្ស ពេញចិត្តចំពោះកម្មវិធីនយោបាយ ពេញចិត្តចំពោះប្រធាន អនុប្រធានគណបក្សពេញចិត្ត ចំពោះបេក្ខជន ដោយជឿថានឹងជួយដោះស្រាយសំណូមពរ។ សេចក្តីប៉ងប្រាថ្នា ផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនម្ចាស់ឆ្នោតអ្នកបោះឆ្នោតជូនគណបក្ស ចេះបោះឆ្នោតជូនគណបក្ស មានឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវអ្នកបោះឆ្នោតជូនគណបក្សទាំងអស់ នឹងបានទៅបោះឆ្នោត ។