អភិបាលខេត្តកំពង់ចាម ជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធត្រូវសហការគ្នា ដើម្បីពង្រឹងការប្រមូលចំណូលលើវិស័យបរិស្ថាន

0

ខេត្តកំពង់ចាម៖ ថ្លែងក្នុងកិច្ចប្រជុំស្ដីពីលទ្ធផលសកម្មភាពការងារទូទៅ និងការប្រមូលចំណូលមិនមែនសារពើពន្ធ របស់មន្ទីរបរិស្ថានខេត្ត នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ឲ្យចូលរួមសហការគ្នា ដើម្បីពង្រឹងការប្រមូលចំណូលលើវិស័យបរិស្ថានឲ្យស្របទៅតាមគោលការណ៍ណែនាំរបស់ក្រសួង ដើម្បីបានថវិកាអភិវឌ្ឍក្នុងខេត្ត។

ឯកឧត្ដម អ៊ុន ចាន់ដា បានចាត់ទុកថា វិស័យបរិស្ថានបានចូលរួមយ៉ាងសកម្ម លើវិស័យមុខងារអនុវត្តក្នុងមូលដ្ឋានស្រុកក្រុងបានយ៉ាងច្រើននាពេលកន្លងមក។ ប៉ុន្តែមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវស្នើសុំឲ្យមានការចូលរួមសហការបន្ថែម ពីសំណាក់អភិបាល និងក្រុមប្រឹក្សាក្រុងស្រុក ដើម្បីឲ្យស្របទៅតាមគោលការណ៍កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ និងការធ្វើប្រតិភូកម្មមុខងារ របស់ក្រសួងមកឱ្យរដ្ឋបាលក្រុងស្រុក ដើម្បីអនុវត្ត។ ទន្ទឹមជាមួយនោះ នាពេលកន្លងមកនេះ វិស័យបរិស្ថាន បានជួបប្រទះនូវបញ្ហាមួយចំនួន ដោយសាររដ្ឋបាលក្រុងស្រុកខ្លះ មិនបានអនុវត្តឲ្យបានពេញលេញ ទៅតាមសេចក្តីប្រកាសរួម របស់ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដូច្នេះធ្វើឲ្យប៉ះពាល់ក្នុងការបាត់បង់ចំណូលសម្រាប់ធ្វើការអភិវឌ្ឍន៍ក្នុងខេត្ត។ តាមរយៈនេះ សូមឲ្យអាជ្ញាធរក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធ ចូលរួមសហការ ជាមួយមន្ត្រីបរិស្ថាន អនុវត្តឲ្យស្របទៅតាមគោលការណ៍ណែនាំ របស់ក្រសួងក្នុងការប្រមូលចំណូល មិនមែនសារពើពន្ធនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ។

បើតាមលោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បានឲ្យដឹងថា ការប្រមូលចំណូលមិនមែនសារពើពន្ធជូនថ្នាក់ជាតិ ក៏ដូចជារដ្ឋបាលខេត្តតាមរយៈ សេវាសាធារណៈ និងវិភាគទានរបស់មន្ទីរបរិស្ថាន លើអាជីវកម្មសិប្បកម្ម សហគ្រាស ដែលស្ថិតក្នុងដែនសមត្ថកិច្ច ថ្នាក់រាជធានី-ខេត្ត គឺមន្ទីរ ត្រូវទទួលខុសត្រូវ ប៉ុន្តែការអនុវត្តតួនាទីភារកិច្ចទាំងនេះ មន្ទីរបានជួបបញ្ហាប្រឈមមួយចំនួន ដូចជា ៖ ការចូលរួមពីស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនអាជីវកម្ម និងសាធារណៈជន ជាម្ចាស់អាជីវកម្មមួយចំនួនធំមិនសហការ និងព្យាយាមគេចវេសពីការបង់សេវាលើអាជីវកម្មរបស់ខ្លួនជាដើម។ ដូច្នេះតាមរយៈកិច្ចប្រជុំនេះ នឹងបានជួយសម្របសម្រួល និងសហការ ដើម្បីមន្ទីរបរិស្ថានយើងបានអនុវត្តតួនាទីភារកិច្ចនេះ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បីជាប្រយោជន៍ថវិកាជូនរដ្ឋបាលខេត្ត និងក្រសួងបរិស្ថាន ក៏ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ៕