ស្ថានីយ៍ដេប៉ូរប្រេង ដែលមិនអនុលោមផ្នែកបរិមាណ ត្រូវបានអប់រំ និងផាកពិន័យរួច អាចផ្អាកអាជីវកម្ម ប្រសិនបើមានករណីក្លែងបន្លំបរិមាណម្តងទៀត

(កំពង់ធំ)៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១, អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រា្កបការក្លែងបន្លំដឹកនាំដោយលោក លៀង សុភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បន្តចុះពិនិត្យស្ថានីយ៍ ដេប៉ូរប្រេងចំនួន៨កន្លែង នៅស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ក្នុងប្រតិបត្តិការនេះលោក លៀង សុភា លោកលើកឡើងថា សកម្មភាពចុះពិនិត្យផ្នែកបរិមាណ គឺធ្វើឡើងដោយស្មើរភាពគ្រប់ស្ថានីយ៍ ដេប៉ូប្រេង នៅតាមបណ្តោយផ្លូវទាំងអស់ ដើម្បីការពារការក្លែងបន្លំបរិមាណលក់ទៅកាន់ប្រជាពលរដ្ឋដែលជា អ្នកប្រើប្រាស់។ ជាក់ស្តែងក្នុងថ្ងៃទី១៤ ខែកញ្ញា នេះ បានចុះពិនិត្យមើលដេប៉ូរប្រេងចំនួន៨! ក្នុងនោះ ដេប៉ូរប្រេងចំនួន៧កន្លែង មានអនុលោមភាពផ្នែងបរិមាណ និង១កន្លែងទៀតមិនមានអនុលោមភាពផ្នែក បរិមាណ ប៉ុន្តែដោយម្ចាស់ស្ថានីយ៍ដេប៉ូប្រេងព្រមទទួលស្គាល់កំហុស ទើបធ្វើការអប់រំផាកពិន័យអន្តរកាល តាមច្បាប់ និងទុកពេលវេលាឲ្យធ្វើការកែដៃបាញ់ប្រេងឡើងវិញឲ្យបានត្រឹមត្រូវតាមមាត្រាសាស្រ្ត (កែវក្រឹត្រ)! ផុតរយៈពេលនៃការកិច្ចសន្យា មន្ត្រីជំនាញនឹងទៅពិនិត្យផ្នែកបរិមាណម្តងទៀត។

ប្រសិនបើមិនមានការកែប្រែ នោះទេ នឹងធ្វើការផាកពិន័យទ្វេរដង ក្នុងករណីមិនរៀងចាល នឹងឈានទៅរកបិទទីតាំងស្ថានីយ៍ ឬដកអាជ្ញារ ប័ណ្ណ បញ្ឈប់សកម្មភាពអាជីវកម្មតែម្តង។លោកបញ្ជាក់ថា សកម្មភាពចុះពិនិត្យផ្នែងបរិមាណ នឹងធ្វើជា បន្តបន្ទាប់ទៀត ដើម្បីធានាបានការធ្វើអាជីវកម្មដោយភាពស្មោះត្រង់គ្រប់ស្ថានីយ៍ដេប៉ូរចែកប្រេងនៅក្នុង ខេត្តកំពង់ធំ។