ឯកឧត្តម អ៊ុន ចាន់ដា លើកទឹកចិត្តដល់សិស្សានុសិស្ស ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ នៅពេលបើកឲ្យដំណើរការសាលារៀនឡើងវិញ

0

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសថ្ងៃដែលត្រូវអនុញ្ញាត បើកឲ្យដំណើរការសាលារៀនឡើងវិញ។ ក្រៅពីនោះ ត្រូវចូលរួមទាំងអស់គ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល «៣ការពារ និង៣កុំ» ។

ឯកឧត្តម ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្មួយៗសិស្សានុសិស្ស ដែលទទួលបានអាហាររូបករណ៍ ចំនួន ៩៩នាក់ និងអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការរៀបចំសាលាឡើងវិញ នៅវិទ្យាល័យ ជួន ណាត ស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ដែលបានទទួលអាហាររូបករណ៍ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ និងកាត់បន្ថយភាពក្រីក្រ។ ជាមួយគ្នានោះឯកឧត្តម ក៏បានធ្វើការណែនាំឲ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលមានអាយុ ១២ឆ្នាំ ឡើងទៅត្រូវអញ្ជើញទៅ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ នាអំឡុងពេលសិក្សារៀនសូត្ររបស់លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នាពេលខាងមុខនេះ ពីព្រោះថានៅថ្ងៃទី២០ ខែកញ្ញានេះ រដ្ឋបាលខេត្តកំពង់ចាម នឹងសម្រេចបើកឲ្យដំណើរសាលាឡើងវិញ ចាប់ពីថ្នាក់កម្រិតអនុវិទ្យាល័យឡើង នៅក្នុងដំណាក់ទី១ ។ ដោយឡែកក្នុងដំណាក់ទី២ ក៏គ្រោងឲ្យបើកដំណើរការរៀនសូត្រ នៅថ្នាក់កម្រិតបឋមសិក្សា នៅថ្ងៃទី១១ ខែតុលា ខាងមុខនេះផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យឃ្លាំងពាណិជ្ជកម្ម ១កន្លែង ស្ថិតនៅចំណុចភូមិត្រពាំងចា ឃុំក្រឡា ស្រុកកំពង់សៀម ដែលត្រៀមរៀបចំធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ។ ឯកឧត្តម បានជម្រុញដល់ក្រុមការងារបច្ចេកទេសធ្វើយ៉ាងណាត្រូវពន្លឿនការងារនេះ ឲ្យរួចមុនថ្ងៃទី២០ ខែកញ្ញានេះ ដើម្បីបញ្ជូនអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលដែលកំពុងសម្រាកព្យាបាល នៅវិទ្យាល័យព្រះសីហនុ មកសម្រាកព្យាបាលនៅទីនេះវិញ ក៏ព្រោះតែវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ត្រូវប្រគល់ទៅឲ្យសាលាវិញ ដើម្បីបើកឲ្យដំណើរការសិក្សាដូចធម្មតាឡើងវិញ។

គួរបញ្ជាក់ថា ឃ្លាំងពាណិជ្ជកម្មនេះ មានចំនួន ៣អគារ ក្នុងមួយអគារៗ អាចដាក់អ្នកជំងឺបានចំនួន ២៥០នាក់ ដោយនាបច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស កំពុងរៀបចំទីតាំងនៃឃ្លាំងខាងលើ ជាពិសេសការសម្រុករៀបចំតបណ្តាញភ្លើង ប្រព័ន្ធទឹក បង្គន់អនាម័យ ប្រព័ន្ធបង្ហូរទឹក បន្ទប់ពេទ្យ និងបន្ទប់ព្យាបាលផងដែរ៕