ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានផ្ដល់សម្ភារការពារជំងឺកូវីដ-១៩ រួមមាន៖ ម៉ាស អាល់កុល សាប៊ូ និងថវិកាមួយចំនួន ជូនដល់សាលាអនុវិទ្យាល័យ និងវិទ្យាល័យ ខណៈសាលាចំនួន១២៤ ក្នុងខេត្តកំពង់ចាម ត្រៀមបើកឲ្យសិស្សចូលរៀនឡើងវិញ នៅថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ។
សម្ភារដែលត្រូវផ្ដល់ ជូនសាលាទាំង១២៤ ក្នុងមួយសាលាទទួលបាន៖ ម៉ាស១០០០ម៉ាស, ទឹកអាល់កុល ៣០លីត្រ និងសាប៊ូ ១៥ដុំ ចំពោះ សាលាដែលត្រូវយកធ្វើជាមណ្ឌលចត្តាឡីសក័ ចំនួន២២សាលា ក្នុងមួយសាលាទទួលបាន៖ ថវិកា ១លានរៀន ដោយឡែកវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ដែលត្រូវយកធ្វើជាមន្ទីរពេទ្យព្យាបាលកូវីដ-១៩ កម្រិតស្រាលទទួលបានថវិកា២លានរៀលផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការណែនាំដល់មន្ត្រីអប់រំ ក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់ ត្រូវណែនាំដល់សិស្សានុសិស្សត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ ដើម្បីជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះសិស្សានុសិស្សដែលមានអាយុ ១២ឆ្នាំ ឡើងទៅត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ អំឡុងពេលសិក្សារៀនសូត្ររបស់លោកគ្រូអ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស នាពេលខាងមុខនេះ ដោយហេតុថា នៅថ្ងៃទី២០ ខែកញ្ញានេះ រដ្ឋបាលខេត្តកំពង់ចាម នឹងសម្រេចបើកឲ្យដំណើរសាលាឡើងវិញ ចាប់ពីថ្នាក់កម្រិតអនុវិទ្យាល័យឡើង នៅក្នុងដំណាក់ទី១ ។ ដោយឡែក ក្នុងដំណាក់ទី២ ក៏គ្រោងឲ្យបើកដំណើរការរៀនសូត្រ នៅថ្នាក់កម្រិតបឋមសិក្សា នៅថ្ងៃទី១១ ខែតុលា ខាងមុខនេះផងដែរ៕