យកសំណាកដំបូងលើ៣៤២នាក់ វិជ្ជមាន៧៥នាក់បន្ទាប់ពីកូវីដ១៩ ចូលវាយលុកភូមិត្រពាំងថ្មកណ្តាលស្រុកភ្នំស្រុក

បន្ទាយមានជ័យ៖ក្រុមគ្រូពេទ្យជួមុខយកសំណាកដំបូងលើ៣៤២នាក់ វិជ្ជមាន ៧៥នាក់បន្ទាប់ពីកូវីដ១៩ ចូលវាយលុកភូមិត្រពាំងថ្មកណ្តាលស្រុកភ្នំស្រុក ដែលជាការផ្ទុះទ្រង់ទ្រាយធំលើកដំបូងនៅស្រុកដាច់ស្រយាលខេត្តបន្ទាយមានជ័យ។

លោកជូ បុត្រ អភិបាលស្រុកភ្នំស្រុកប្រាប់នាថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១ ថា៖ ការយកសំណាកលើពលរដ្ឋ អ្នកពាក់ព័ន្ធក្នុងភូមិត្រពាំងថ្មកណ្តាលឃុំប៉ោយចារនឹងកើនដល់ជាង៥០០នាក់។ហើយព្រឹកនិងរសៀលនេះ នៅបន្តយកសំណាកលើជាង២០០នាក់ទៀត ។លោកបានបន្តថា ៖ ដំបូង កាលពីថ្ងៃទី១៥ខែកញ្ញាក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកភ្នំស្រុកនិងមណ្ឌលសុខភាពប៉ោយចារបានយកសំណាកលើពលរដ្ឋនៅភូមិត្រពាំងថ្មកណ្តាលចំនួន៣៤២នាក់ /ស្រី១៨៩នាក់ ក្នុងនោះលទ្ធផលឃើញវិជ្ជមានកូវីដ១៩ចំនួន៧៥នាក់/ស្រី៤៦នាក់ ។

លោកជូ បុត្របានបន្តថា ៖ ក្រោយពីលោកបានបានដឹកនាំក្រុមការងារស្រុក ឃុំ ភូមិ និងលោកគ្រូពេទ្យជួរមុខចុះយកសំណាកប្រជាពលរដ្ឋ ហើយបានរាយការណ៍ជូនលោកអភិបាលខេត្តៗក៏បានបញ្ជាឲ្យបិទខ្ទប់ភូមិត្រពាំងថ្មកណ្តាលជាជាបន្ទាន់នៅរសៀលថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២១ ។

ហើយនៅពេលរសៀលនោះដែរ លោកបានធ្វើការប្រជុំបន្ទាន់នៅសាលាឃុំប៉ោយចារដើម្បីពិភាក្សាគ្នារៀបចំវិធីបិទខ្ទប់ឲ្យមានប្រសិទ្ធិភាពដើម្បីកាត់ផ្តាច់់ការរីករាលដាលជំងឺកូវីដ-១៩ ដល់ភូមិដ៍ទៃទៀត ។

អំពីប្រភពនៃការឆ្លងកូវីដ១៩ ចូលភូមិដែលមានលំនៅឋានចង្អៀត ជាប់ៗគ្នាមួយនេះ លោកជូ បុត្របានបង្ហើបថា មកពី៥ប្រភព៖ ទី១ / ករណីឳពុកទៅលេងកូននៅខេត្តសៀមរាប ហើយឆ្លងមេរោគនេះ ។ទី២/ ករណីកូនរស់នៅក្រុងប៉ោយប៉ែតមកលេងម្តាយនៅភូមិខាងលើ ហើយចម្លង។ទី៣/ ករណីបុគ្គលិកធនាការអេស៊ីលីដាម្នាក់ក្នុងចំណោម៥នាក់ មកពីស្រុកព្រះនេត្រព្រះ បានចម្លង ។ទី៤/ ករណីបុគ្គលិកទឹកកកអនាម័យសិប្បកម្មសេះហោះពីខេត្តសៀមរាប ចម្លងមក។និងទី៥/ ករណីទឹកកកសេះហោះនេះ និងភ្ញៀវ ព្រមទាំងបុគ្គលិកនៅភោជនីយដ្ឋាននិងខារ៉ាអូខេស្ពាននាគនៅស្រុកភ្នំស្រុក ចម្លង ៕ដោយ៖ឃិន គន្ធា