អាជ្ញាធរខេត្តកំពង់ធំ នឹងសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដើម្បីធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅតាមផ្សារក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេស អាជីវករនៅក្នុងក្រុងស្ទឹងសែន ស្រុកស្ទោង ស្រុកបារាយណ៍ និងស្រុកតាំងគោក ឲ្យបានជ្រាបថា រដ្ឋបាលខេត្ត នឹងសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល​ រៀបចំធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩​ នៅតាមផ្សារមួយចំនួន ក្នុងខេត្តកំពង់ធំ រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧កញ្ញា ដល់ថ្ងៃទី១៨កញ្ញាឆ្នាំ២០២១។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ផ្សារសេរីស្ទោង និងផ្សារស្ទោងអភិវឌ្ឍន៍ ស្ថិតក្នុងស្រុកស្ទោង នឹងត្រូវបាញ់ថ្នាំសម្លាប់មេរោគ នៅព្រឹកថ្ងៃទី១៧កញ្ញាឆ្នាំ២០២១ និងនៅពេលល្ងាច បាញ់ថ្នាំនៅផ្សារកំពង់ធំ និងផ្សារស្ទឹងសែន ស្ថិតក្នុងក្រុងស្ទឹងសែន ។ នៅព្រឹកថ្ងៃទី១៨កញ្ញាឆ្នាំ២០២១ បាញ់ថ្នាំនៅផ្សារកំពង់ថ្ម ផ្សារបារាយណ៍ និងផ្សារក្រវ៉ា ស្ថិតក្នុងស្រុកបារាយណ៍ និងនៅពេលល្ងាច បាញ់ថ្នាំនៅផ្សាររំលង ផ្សារតាំងគោក និងផ្សារគ្រើល ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។

រដ្ឋបាលខេត្តកំពង់ធំ អំពាវនាវដល់អាជីវករទាំងអស់ ចូលរួមសហការឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេស ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ពីជំងឺដ៏កាចសាហាវនេះ ៕ ដោយ៖ឡុង សំបូរ