អភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្តកំពង់ចាម

0

ខេត្តកំពង់ចាម៖ កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ជាង ១០ម៉ឺននាក់ នៅទូទាំងខេត្តកំពង់ចាម ទទួលបានការចាក់វ៉ាក់សាំង ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមគោលការណ៍រាជរដ្ឋាភិបាលកម្ពុជា។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ដែលជាប្រធានគណកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌខេត្ត បានដឹកនាំក្រុមការងារ ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា អ្វីដែលកូនៗ ក្មួយៗរង់ចាំ បានមកដល់ហើយ គឺវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្តីសង្ឃឹមរបស់កុមារ និងយុវវ័យ គឺការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីមានឱកាសបានចូលសាលារៀនវិញ ។

លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា យុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នាពេលនេះ សបញ្ជាក់ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីកម្ពុជា  មកលើចៅៗដែលជាកុមារ ដើម្បីជំរុញឲ្យមានការបើកសាលាបឋមសិក្សាឡើងវិញ នាពេលខាងមុខ ខណៈពេលដែលកុមារអាយុចាប់ពី ១២ឆ្នាំ រហូតដល់ ១៨ឆ្នាំ បាននឹងកំពុងតែបន្តចាក់វ៉ាក់សាំងដូសបន្ត ហើយឈានទៅដល់ការបើកសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ឡើងវិញផងដែរ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា មានប្រសាសន៍ទៀតថា រដ្ឋបាលខេត្ត ក៏គ្រោងនឹងបើកឲ្យសិស្សថ្នាក់បឋមសិក្សា បានចូលរៀនវិញ នៅថ្ងៃទី១១ខែតុលាឆ្នាំ២០២១ ខាងមុខនណ ផងដែរ ។ លោកថា យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ ចាប់ពីអាយុ ៦ ដល់ក្រោម ១២ឆ្នាំ នាពេលនេះ វានឹងអាចបន្ស៊ីទៅនឹងផែនការ បើកឲ្យដំណើរការចូលរៀនឡើងវិញ នៅថ្នាក់កម្រិតបឋមសិក្សា ហើយក្មួយៗ ក៏អាចនឹងឈានចាក់វ៉ាក់សាំងម្ជុលទី២ និងទទួលបានភាពសាំនៅក្នុងខ្លួន ដើម្បីការពារការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ថែមទៀតផង។

លោកអភិបាលខេត្តកំពង់ចាម បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតា ឬ អាណាព្យាបាលកុមារ និងយុវវ័យ ដែលបានទទួលការចាក់វ៉ាក់សាំងរួចហើយ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បន្តអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ពិសេស ការអនុវត្តវិធាន ៣ការពារ  ៣កុំ  ដើម្បីជៀសផុតពី ជំងឺដ៏កាចសាហាវនេះ  ។

គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១០ម៉ឺ ៦ពាន់ ៥០១នាក់ ក្នុងនោះ រដ្ឋបាលខេត្តកំពង់ចាម បានរៀចំទីតាំងចាក់ នៅតាមបណ្តាក្រុង-ស្រុក ចំនួន ២៨កន្លែង ។  បច្ចុប្បន្ន នៅទូទាំងខេត្តកំពង់ចាម សម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួន ៥៧ម៉ឺន ៩ពាន់ ៩៥២នាក់ ស្មើនឹង ៨២,៦៥ភាគរយ និងកុមារមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចំនួន ១០ម៉ឺន ៧ពាន់ ៦៩៦នាក់ ស្មើនឹង ៩៧,៥៦ភាគរយ ៕ ដោយ៖ លឹម ប៉ៃលិន