គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ បន្ទាប់ពីស្ថានីយ៍ប្រព្រឹត្តកម្មចំនួន២ន្លែងបានសាងសង់ចប់នឹងបាននឹងកំពុងដំណើរការយ៉ាងល្អ នៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១ នេះស្ថានីយ៍ប្រព្រឹត្តកម្មទី៣ត្រូវបានបើកការសាងសង់បន្ថែមមួយទៀត មានទីតាំងនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ នៅចំូចចុងឆ្នេរអូរឈើទាល។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងមានការចូលរួមមន្ត្រីជាច្រើនរូបទៀត។ តាមរយៈការកសាងស្ថានីយ៍ប្រព្រឹត្តកម្មបញ្ហាសំណល់រាវនឹងត្រូវគ្រប់គ្រងបាននិងមិនអោយមានចរន្តទឹកកខ្វក់ហូរចូលសមុទ្រដោយមិនបានចម្រោះជាមុនឡើយឆ្នេរខ្សាច់និងទឹកសមុទ្រនឹងមិនមានការប៉ះពាល់ដោយសារសំណល់រាវនេះរក្សាបានសម្រស់ការទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកពីគ្រប់ទិសទី។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា៖ ទន្ទឹមនឹងការអភិវឌ្ឍក៏បានបញ្ហាប្រឈមជាច្រើន ជាពិសេសការបញ្ចេញកាកសំណល់ប្រើប្រាស់ដែលមានចំនួនច្រើន មានសារធាតុពុល អាចបង្កផលប៉ះពាល់ដល់ បរិស្ថាន។ឯកឧត្តម អភិបាល បានថ្លែងអំណរគុណក្រៃលែងចំពោះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលបានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មនេះឡើងដើម្បីបន្សុទ្ធទឹកកខ្វក់ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ។បច្ចុប្បន្ននេះស្ថានីយ៍ចំនួនចម្រោះចំនួន២ទីតាំងហើយបានកសាងរួចរាល់និងកំពុងដំំណើរការយ៉ាងល្អប្រសើរ។
-ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ។
-ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ។
-ចំណែកឯស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលកំពុងបើកការដ្ឋានសាងសង់នៅពេលនេះ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ សាងសង់ដោយក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD ។ ក្រៅពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៣ខាងលើ ខេត្តព្រះសីហនុ នៅមានស្ថានីយបូមទឹកកខ្វក់ចំនួន ៧ទីតាំងផ្សេងទៀត ក្នុងនោះ ៤ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង ៣ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ ក្រុងព្រះសីហនុ។

ឯកឧត្តម ជា សុផារ៉ា មានប្រសាសន៍ថា៖យើងត្រូវសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះឡើងដើម្បីគ្រប់គ្រងបានសំណល់រាវអោយបានល្អ កុំអោយវាហូរចូលសមុទ្រដោយមិនបានចម្រោះជាមុន ធ្វើឱ្យឆ្នេរសមុទ្ររបស់យើងក្លាយជាឆ្នេរស្អាត ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងបរិស្ថានល្អទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ការសាងសង់ស្ថានីយប្រព្រឹត្តកម្មនេះ ជាថវិការបស់រាជរដ្ឋាភិបាលផ្តល់ឱ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ចាត់ចែងអនុវត្តគម្រោង និងសាងសង់ដោយក្រុមហ៊ុន Xwater Technology Co,Ltd ។ ស្ថានីយ៍ប្រព្រឹត្តកម្មនេះ ជាដំណើរការដោយបច្ចេកវិទ្យាចុងក្រោយ របស់អ៉ីស្រាអែល MABR វាមានលទ្ធភាពដកអាម៉ូញាក់ កាបូនឌីអ៊ុកស៉ីត បាក់តេរី និងសារធាតុពុល ហើយទឹកដែលប្រព្រឹត្តកម្មរួច មិនមានជាតិពុលដល់បរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ វាមានគុណភាពប្រកបដោយស្តង់ដារខ្ពស់ និងជាស្នាដៃរបស់កូនខ្មែរ គឺខ្មែរធ្វើបាន។ ស្ថានីយប្រព្រឹត្តកម្មនេះផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមដល់ខេត្តព្រះសីហនុ ធ្វើឱ្យបរិស្ថានល្អ សោភ័ណភាព និងទទួលបានភ្ញៀវទេសចរជាតិអន្តរជាតិ៕