សមត្ថកិច្ចខេត្តកែប ឃាត់ខ្លួនក្រុមក្មេងទំនើង ប្រុស ស្រី ជាច្រើននាក់ ខណៈផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល

(ខេត្តកែប)៖ ក្រុមក្មេងទំនើងប្រុស ស្រី ចំនួន ២៣នាក់ ដែលផឹកស៊ីល្មើសនឹងវិធានសុខាភិបាល និងបង្កឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានកម្លាំងនគរបាល(កម្លាំងអន្តរាគមន៍)ខេត្តកែប ចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្បែរចំណុចទីលម្ហែឆ្នេរកែប ស្ថិតក្នុងរមណីយដ្ឋានខេត្តកែប។

ជាមួយនឹងការឃាត់ខ្លួន ក្រុមក្មេងទំនើងប្រុស ស្រី ខាងលើ ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប និងកិច្ចសហការរវាងកម្លាំងល្បាតប្រចាំមាត់ឆ្នេរកែប។ ចំពោះក្រុមក្មេងទំនើងទាំង២៣នាក់ខាងលើ ពួកគេជិះម៉ូតូចំនួន៩គ្រឿង ដែលមកពីរាជធានីភ្នំពេញ និងមកពីតាមបណ្តាខេត្តផ្សេងទៀត ដោយក្រុមក្មេងទំនើងទាំងនោះបានប្រមូលផ្តុំគ្នាផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល និងបានដុតផាវផ្ទុះលាន់ឮដូចលាចផ្ទុះ បង្កការភ្ញាក់ផ្អើល ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅតំបន់ទេសចរណ៍ឆ្នេរកែប។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអប់រំ ធ្វើកិច្ចសន្យាបញ្ឍប់ការប្រមូលផ្តុំគ្នាផឹកសុីតទៅទៀត នឹងហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅផ្ទះផងដែរ៕ សេង ណារិទ្ធ