ឃាត់គ្រឿងចក្រ១គ្រឿងដែលលួចឈូសឆាយដីគម្របព្រៃជាប់ជើងភ្នំខុសច្បាប់ក្នុង ឃុំស្រែថ្មី

កំពង់ឆ្នាំង: បន្ទាប់ពី ទទួលបាន ព័ត៌មាន ពាក់ព័ន្ធ និង ករណីមានជនបាន នាំយក គ្រឿងចក្រចូលទៅវ៉ៃព្រៃ ដែលជាដែនគម្របព្រៃឈើ កម្លាំងសមត្ថកិច្ចមន្ត្រីរដ្ឋបាលព្រៃឈើ បានចុះទៅឃាត់បញ្ឈប់សកម្មភាពអេស្កាវ៉ាទ័រមួយគ្រឿង និងរៀបចំនាំម្ចាស់ដី ម្ចាស់គ្រឿងចក្រអេស្កាវ៉ាទ័រ មកធ្វើការសួរនាំតាមនីតិវិធីច្បាប់ ។

ការឃាត់អេស្កវ៉ាទ័រខាងលើនេះធ្វើឡើងកាលពីម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ នៅចំណុចជើងភ្នំមួយកន្លែងចូលតាមច្រកផ្លូវប្រស្និប ស្ថិតក្នុងភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សកម្មភាពកកាយវ៉ៃព្រៃតាមចង្កេះភ្នំតំបន់ខាងលើនេះដោយ សំអាងយោងតាមលិខិតស្នើសុំដឹកពង្រាប ដី និងធ្វើផ្លូវថ្មី ពីមេភូមិអណ្តូងឬស្សី និងមេឃុំស្រែថ្មី ខណៈដីនៅតំបន់នោះគឺជាគម្របព្រៃរបស់រដ្ឋ ។

សកម្មភាពកកាយវ៉ៃព្រៃវាតយកដីតាមចង្កេះភ្នំដែលជាដីគម្របព្រៃនេះកក្រើកខ្លាំងឡើងខណៈប្រជាពល រដ្ឋនៅតំបន់នោះបានឲ្យដឹងថា បច្ចុប្បន្ននេះដីនៅត្រង់ចំណុចនោះហក់ឡើងថ្លៃខ្លាំង មានតម្លៃរហូតដល់ ១០ដុល្លាអេមេរិកក្នុងមួយម៉ែត្រក្រឡា ។

ក្រោយធ្វើការឃាត់សកម្មភាពគ្រឿងចក្រខាងលើ កម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើដែលចុះទៅ រៀបចំនីតិវិធីជំនាញ នាំយកអេស្កវ៉ាទ័រ និងមនុស្សអ្នកពាក់ព័ន្ធមកធ្វើការសួរនាំ និងកសាងសំណុំរឿងតាមច្បាប់ ៕