រដ្ឋបាលស្រុកមង្គលបូរីប្រកាសអោយពលរដ្ឋរស់នៅបណ្តោយស្ទឹងមង្គលបូរីប្រុងប្រយ័ត្នខ្ពស៉ពីមហន្តរាយទឹកជំនន់,ដំណាំស្រូវជាង៥០០ហិចតាលិចលង់

បន្ទាយមានជ័យ:រដ្ឋបាលស្រុកមង្គលបូរីនៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ ដល់បងប្អូនរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី សូមត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតពីគ្រោះមហន្តរាយដែលនឹងអាចកើតឡើងដោយទឹកជំនន់ ។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីអោយដឹងថ្ងៃទី២១ខែកញ្ញាថា៖ បងប្អូនរស់នៅបណ្តោយដងស្ទឹងមង្គលបូរីត្រូវប្រុងប្រយូត្ន ដោយសារថាសញ្ញាគ្រោះថ្នាក់នឹងមកដល់ ត្បិតភ្លៀងនៅបន្តបន្ទាប់ ហើយទឹកជំនន់ចេះតែហក់ឡើង ។ដូចនេះសូម ត្រៀមលក្ខណៈសម្បត្តិ មធ្យោបាយដឹកជញ្ជូនទូក កាណូត អាវពោង និងរកទីទួលសុវត្ថិភាព ដើម្បីសង្រ្គោះអាយុជីវិតយើង.។

នៅថ្ងៃទី២០ខែកញ្ញា នេះដែរ រដ្ឋបាលស្រុកក៏បានចេញប្រកាសព័ត៌មានមួយថា៖ សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកមង្គលបូរី មេត្តាជ្រាបថា ដោយពិនិត្យឃើញថាស្ថានភាពភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះនិងស្ថានភាពទឹកហូរធ្លាក់ពីខាងលើតាមបណ្តោយស្ទឹងមង្គលបូរីក្នុងភូមិស្រុកបវេលខេត្តបាត់ដំបងនិងទឹកហូរធ្លាក់ពីស្រុកម៉ាឡៃ ធ្វើអោយើទឹកស្ទឹងមង្គលបូរីមានការហក់ឡើងខ្លាំងនិងអាចបង្កជាផលប៉ះពាល់ដល់អាយុជីវីតមនុស្សសត្វ ផ្ទះសម្បែងនិងផលដំណាំជាដើម ។

លិខិតបានបន្តថា ៖ ហេតុនេះ សូមបងប្អូន ពិសេសពលរដ្ឋរស់នៅបណ្តោយដងស្ទឹងសូមចូលរួមនិងយកចិត្តទុកដាក់ខ្ពស់និងអនុវត្តវិធានការដូចខាងក្រោម ៖ 

១/ត្រៀមស្បៀងនិងថ្នាំសង្គូវ។២/ រៀបចំទុកដាក់ឯកសារសំខាន់អោយគង់វង្ស។៣/ត្រៀមមធ្យោបាយទុកដឹកជញ្ជូនឬជន្លៀស។

៤/ ប្រយ័ត្នក្មែង មនុស្សចាស់លេងទឹក។៥/ ពេលទឹកជន់ឡើងត្រូវបិទចរន្តអគ្គីសនី ប្រយ័ត្នសត្វអសិរពិស។

លោកអភិបាលស្រុកអោយដឹងបន្ថែមនៅថ្ងៃទី២១ខែកញ្ញាថា ៖ ជំនន់ទឹកភ្លៀងនិងទឺកជំនន់ មកទល់ពេលនេះ នៅបន្តហក់ឡើង ហើយចាប់ផ្តើមខ្ជាក់ចេញពីពោះស្ទឹងហើយ ។

ក្នុងនោះបង្កអោយលិចលង់ ប៉ះពាល់ដល់ដំណាំស្រូវវស្សាឬស្រូវលើកទី២ នៅបណ្តោយដងស្ទឹងប្រមាណ៣០០ហិចតានៅឃុំសឿ,ជាង១០០ហិចតានៅឃុំចំណោមនិងជាង១០០ហិចតាទៀតនៅឃុំរហាត់ទឹកនិងបត់ត្រង់ ៕ដោយ៖ ឃិន គន្ធា