រថយន្ដយីឌុបដឹកឈើមួយគ្រឿងគ្មានច្បាប់បានធ្វើសកម្មភាពដឹកជញ្ចូនឈើមួយឡានពេញ ដោយគេដឹងថាមានមន្ត្រីនគរបាលម្នាក់ ឈ្មោះ ភុំ ផៃឌឿមជាអ្នករត់ការ

កំពង់ឆ្នាំង៖ រថយន្តយីឌុបដឹកឈើមួយគ្រឿងគ្មានច្បាប់អនុញ្ញាតត្រូវសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើ បរិបូណ៌ ដឹកនាំដោយលោក កង ចាន់ណារិន កម្លាំងផ្នែករដ្ឋបាលព្រៃឈើ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ ធ្វើការបង្ក្រាបបាន
ការបង្ក្រាបរថយន្តយីឌុបដឹកឈើខាងលើនេះធ្វើឡើង នៅវេលាម៉ោង ០៖៤៧នាទី រម្លងអាធ្រាតឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

តាមការបញ្ជាក់ពីអ្នកបើកបររថយន្តបានឲ្យដឹងថា ឈើដែលត្រូវសមត្ថកិច្ចបង្ក្រាបនេះជារបស់លោក ផូត ប្រពន្ធឈ្មោះតាំងអុី ជាម្ចាស់ដេប៉ូឈើនៅដំរីស ក្រុងកំពង់ឆ្នាំង ឈើនេះដឹកមកពីខេត្តពោធិ៍សាត់ ។

តាមប្រភពមួយពីខេត្តពោធិ៍សាត់បានឲ្យដឹងថា រយន្តដឹកឈើខុសច្បាប់ខាងលើនេះត្រូវបានគេដឹងថាមន្ត្រីនគរបាលម្នាក់ ឈ្មោះ ភុំ ផៃឌឿម មានមុខងារជាអនុប្រធានការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ជាអ្នកទទួលរត់ការសប្របសម្រួលផ្លូវជាមួយសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវពីតូចដល់ធំ ។

តាមប្រភពមួយផ្សេងទៀតបានឲ្យដឹងថាម្ចាស់ដេប៉ូឈើខាងលើនេះតែងតែដឹកឈើលោតឆ័ត្រគ្មានច្បាប់ អនុញ្ញាត ហើយតែងតែនិយាយក្អែងថាបើពួកគាត់ មានរឿងជាប់ទោសទណ្ឌនោះគឺត្រូវជាប់ទាំងសមត្ថ កិច្ចពាក់ព័ន្ធតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើមិនខានព្រោះបានទទួលលាភសក្ការៈពីពួកគេជាហូរហែរដោយមានកត់ទុកក្នុងសៀវភៅទៀតផង ។ ពាក្យ សំដីបែបនេះសូម្បីកូនចៅរបស់ថៅកែដេប៉ូខាងលើនេះក៍តែងតែនិយាយក្អែងទៅកាន់មហាជនដូចថៅកែគេផងដែរ ។

រថយន្តដឹកឈើដែលសមត្ថកិច្ចបង្ក្រាបបាននេះ ត្រូវបានជំនាញខណ្ឌរដ្ឋបាលព្រៃឈើធ្វើការត្រួតពិនិត្យ វាស់វែង នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ តាមការបញ្ជាក់របស់ជំនាញឈើក្នុងរថយន្តមានចំនួន ១៥,៩៥១ ម៉ែត្រគូប ។

បច្ចុប្បន្នឈើ និងរថយន្តត្រូវបានរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង កសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕