ខេត្តកំពង់ចាម បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋ ដែលមានអាយុចាប់ពី ១២ឆ្នាំឡេីង

កំពង់ចាម : លោក ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង សុខាភិបាល និង ជា ប្រធាន គណៈកម្មការ ចំពោះ កិច្ច ចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុង ក្របខណ្ឌ ទូទាំង ប្រទេស និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានអនុគណកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌ ខេត្តកំពង់ចាម បានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការ ជំងឺកូវីដ-១៩ ជូន ប្រជាពលរដ្ឋ ដែលមានអាយុ ចាប់ពី១២ឆ្នាំ ឡើង ពិធី នេះ ត្រូវបាន ធ្វើ ឡើង នាព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅ សាលាខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ជាលទ្ធផលនៃការអនុវត្តអនុវត្តតាមផែនការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើង សរុបចំនួន ៦៨៥,៦២៤ នាក់ ស្មើនឹង ៨៤. ៤២% នៃផែនការ ចំនួន ៨១២,១៣២នាក់ ។ ដោយ យុទ្ធនាការចាក់វ៉ាក់សាំង កន្លង មក នេះ ចំពោះ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រដាប់ អាវុធ និងអតីត យុទ្ធជន ក្នុង ខេត្តកំពង់ចាម ទទួលបាន ការ ចាក់ វ៉ាក់សាំង កូវីដ-១៩ ដោយ ឥតគិតថ្លៃ ជាបន្តបន្ទាប់ ចាប់ពី ដេីម ខែមិនា ឆ្នាំ ២០២១ ។ ក្នុងនោះ ប្រជាពលរដ្ឋ ដែល មាន អាយុ ចាប់ពី ១៨ឆ្នាំ ឡើង ទទួលបានការចាក់ វ៉ាក់សាំង កូវីដ-១៩ ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ ។ សម្រាប់ កុមារ និង យុវវ័យ ដែល មាន អាយុ ចាប់ ពី ១២ឆ្នាំ ឡើង ដល់ ក្រោម ១៨ឆ្នាំ ចាប់ពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២១ ។
ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺសំដៅតែទៅលើមនុស្ស ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅប៉ុណ្ណោះ ចំពោះ យុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់មនុស្សអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មិនទាន់ដល់ពេលដែលត្រូវបិទបញ្ចប់នោះឡើយ។ ក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម បានសម្រេចគោរពស្នើសុំបើកដំណើរការកន្លែងចាក់វ៉ាក់សាំង ជាអចិន្ត្រៃយ៍ នៅតាមមន្ទីរពេទ្យបង្អែកចំនួន ៩កន្លែង ដើម្បី ឲ្យ ប្រជាពលរដ្ឋដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេស ប្រជាពលរដ្ឋចំណូលស្រុក និងអ្នកមានសុខភាពប្រសើរឡើងវិញ មកទទួល វ៉ាក់សាំង ក្រោយពីបិទបញ្ចប់យុទ្ធនាការនេះ ផងដែរ ។

ក្នុង ឱកាសនោះ ដែរ លោក ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បាន ឲ្យដឹងថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ មាន ៨៨,១៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៣៧,៣៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ ៕