អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យអាជ្ញាធរប្រើគ្រឿងចក្រកាយរំដោះទឹកចេញពីចំណុចលិចលង់ដោយជំនន់ទឹកភ្លៀង នៅកំណាត់ផ្លូវជាតិលេខ៦ និងលេខ៧

0

ខេត្តកំពង់ចាម៖ បន្ទាប់ពីភ្លៀងបានបង្អុរជាប់ៗគ្នានាប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឲ្យជន់លិចកំណាត់ផ្លូវជាតិលេខ៦ និងលេខ៧ ប្រវែងប្រមាណជា ១,០០០ម៉ែត្រ ស្ថិតនៅចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បណ្ដាលឲ្យរំខានដល់ការធ្វើចរាចរណ៍ ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋ។

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែង ដើម្បីរកវិធីសាស្ត្រជំលៀសទឹកកុំឲ្យលិចលង់បន្តទៀត ដែលធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ ។

ក្នុងឱកាសនោះឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានសហការជាមួយមន្ទីរជំនាញយកគ្រឿងចក្រកាយជាប្រឡាយ ហើយដាក់លូរំដោះទឹកចេញ ដើម្បីបញ្ចៀសការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងលិចលង់ដល់លំនៅដ្ឋាន ក៏ដូចជាផលដំណាំរបស់ប្រជាពលរដ្ឋ។ ជាមួយនោះរាល់មធ្យោបាយធ្វើដំណើរ គឺអាចនៅចរាចរណ៍បានដដែល ប៉ុន្តែមិនតម្រូវឲ្យបើកបរក្នុងល្បឿនលឿនឡើយ ហើយក៏មានការសម្រួលចរាចរណ៍ពីកងកម្លាំងសមត្ថកិច្ចផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញាកន្លងទៅនេះ ជំនន់ទឹកភ្លៀងបានជន់លិច ទីតាំងចំនួន ៣កន្លែង គឺ ១.នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងស្រុកបាធាយ ១កន្លែង, ២.នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅក្នុងឃុំមៀន ស្រុកព្រៃឈរ ១កន្លែង ហើយទីតាំងទាំង ២កន្លែងនេះ ត្រូវបានស្ថាប័នជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន កាយជាប្រឡាយរំដោះទឹកចេញពីថ្នល់ រួចរាល់ហើយ ដោយឡែក កន្លែងទី៣ គឺនៅចំណុចលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំខ្វិតធំ ស្រុកព្រៃឈរ ក៏ព្រោះតែទឹកបានហូរកាត់ថ្នល់ ដែលមានជម្រៅត្រឹមជង្គង់នោះ៕