បែកធ្លាយលោក ភុំ ផៃឌឿមខលគំរាមអ្នកសារព័ត៌មាន បន្ទាប់ពីបានចុះផ្សាយបទល្មើសឡានដឹកឈើដែរមានលោក ភុំ ផៃឌឿមជាអ្នករត់ការបទល្មើសតែខ្លួនជាមន្រី្ដនគរបាល

កំពង់ឆ្នាំង៖ ក្រោយពីអង្គភាពសារព័ត៌មាន UMA TVonline ធ្វើការចុះផ្សាយព័ត៌មាន ករណីសមត្ថ កិច្ចរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បង្ក្រាបនិងឃាត់រថ យន្តយីឌុបដឹកឈើខុសច្បាប់មួយគ្រឿង រួចមករហូតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ឈ្មោះ ភុំ ផៃឌឿម ជាមន្ត្រីនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ មានមុខងារជាអនុប្រធានការិយាល័យសន្តិសុខ បានទូរស័ព្ទមកគំរាមកំហែង អ្នកយកព័ត៌មានយើងយ៉ាងចាស់ដៃ ។

ការទូរស័ព្ទមកគម្រាមអ្នកយកព័ត៌មានយើងពី សំណាក់លោក ភុំ ផៃឌឿម បែបនេះ ត្រូវបានគេសង្ស័យថា ប៉ះពាល់ផលប្រយោជន៍ និងឆ្នាំងបាយ របស់ លោក ភុំ ផៃឌឿម យ៉ាងខ្លាំង ខណៈប្រភពបានអះអាងថា ឈើដែលចរាចរណ៍ដឹកចេញពីខេត្ត ពោធិ៍សាត់ មកខេត្តកំពង់ឆ្នាំង គឺលោក ភុំ ផៃឌឿម ជាអ្នករត់ការបទល្មើសយ៉ាងជំនាញ បើទោះជាខ្លួន លោក ភុំ ផៃឌឿម ជាមន្ត្រីនគរបាលយ៉ាងណាក៍ដោយ។

ការប្រាប់របស់ ភុំ ផៃឌឿម បានបញ្ជាក់ថា ឈើដែលសមត្ថកិច្ចរដ្ឋបាលព្រៃឈើចាប់ឃាត់ទុកនោះ ជាឈើមានច្បាប់ ហើយនឹងត្រូវដោះលែងវិញមិនខាន ។

ការអះអាងបែបនេះ លោក ពារ គឹមហេង នាយខណ្ឌរដ្ឋបាលព្រៃឈើស្តីទីកំពង់ឆ្នាំង បានឲ្យអ្នកយកព័ត៌ មានយើងនៅរសៀលថ្ងៃនេះថា មិនទាន់មានការដោះលែងនៅឡើយទេ លោកនឹងឆ្លងយោបល់ថ្នាក់លើថាស្របនឹងលក្ខណៈច្បាប់ឬទេ ។ លោក ពារ គឹមហេង បានឲ្យដឹងទៀតថា ការចាប់ឃាត់រថយន្តដឹកឈើ ជាច្រើនថ្ងៃហើយមិនទាន់ទម្លាក់ឈើចុះពីរថយន្តនោះ ដោយសារគ្មានកម្មករ និងគ្មានលុយជួលកម្មករ ។

សូមរម្លឹកផងដែរថស រថយន្តយីឌុបដឹកឈើមួយគ្រឿងគ្មានច្បាប់អនុញ្ញាតត្រូវសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើ បរិបូណ៌ ដឹកនាំដោយលោក កង ចាន់ណារិន កម្លាំងផ្នែករដ្ឋបាលព្រៃឈើ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ ធ្វើការបង្ក្រាបបានការបង្ក្រាបរថយន្តយីឌុបដឹកឈើខាងលើនេះធ្វើឡើង នៅវេលាម៉ោង ០៖៤៧នាទី រម្លងអាធ្រាតឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

តាមការបញ្ជាក់ពីអ្នកបើកបររថយន្តបានឲ្យដឹងថា ឈើដែលត្រូវសមត្ថកិច្ចបង្ក្រាបនេះជារបស់លោក ផូត ប្រពន្ធឈ្មោះតាំងអុី ជាម្ចាស់ដេប៉ូឈើនៅដំរីស ក្រុងកំពង់ឆ្នាំង ឈើនេះដឹកមកពីខេត្តពោធិ៍សាត់ ។

តាមប្រភពមួយពីខេត្តពោធិ៍សាត់បានឲ្យដឹងថា រយន្តដឹកឈើខុសច្បាប់ខាងលើនេះត្រូវបានគេដឹងថាមន្ត្រីនគរបាលម្នាក់ ឈ្មោះ ភុំ ផៃឌឿម មានមុខងារជាអនុប្រធានការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ជាអ្នកទទួលរត់ការសប្របសម្រួលផ្លូវជាមួយសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវពីតូចដល់ធំ ។

តាមប្រភពមួយផ្សេងទៀតបានឲ្យដឹងថាម្ចាស់ដេប៉ូឈើខាងលើនេះតែងតែដឹកឈើលោតឆ័ត្រគ្មានច្បាប់ អនុញ្ញាត ហើយតែងតែនិយាយក្អែងថាបើពួកគាត់ មានរឿងជាប់ទោសទណ្ឌនោះគឺត្រូវជាប់ទាំងសមត្ថ កិច្ចពាក់ព័ន្ធតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើមិនខានព្រោះបានទទួលលាភសក្ការៈពីពួកគេជាហូរហែរដោយមានកត់ទុកក្នុងសៀវភៅទៀតផង ។ ពាក្យ សំដីបែបនេះសូម្បីកូនចៅរបស់ថៅកែដេប៉ូខាងលើនេះក៍តែងតែនិយាយក្អែងទៅកាន់មហាជនដូចថៅកែគេផងដែរ ។

រថយន្តដឹកឈើដែលសមត្ថកិច្ចបង្ក្រាបបាននេះ ត្រូវបានជំនាញខណ្ឌរដ្ឋបាលព្រៃឈើធ្វើការត្រួតពិនិត្យ វាស់វែង នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ តាមការបញ្ជាក់របស់ជំនាញឈើក្នុងរថយន្តមានចំនួន ១៥,៩៥១ ម៉ែត្រគូប ។

បច្ចុប្បន្នឈើ និងរថយន្តត្រូវបានរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង កសាងសំណុំរឿងតាមនីតិវិធីច្បាប់ ខណៈអ្នករត់ការឈ្មោះ ភុំ ផៃឌឿម អះអាងថានឹងដោះលែងវិញ៕