អភិបាលខេត្តកំពង់ចាម​ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីរកដំណោះស្រាយ គ្រប់គ្រងស្ថានការណ៍

 កំពង់ចាម​:​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺ-១៩ នាព្រឹក​ថ្ងៃទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ដើម្បីរកដំណោះស្រាយ គ្រប់គ្រងស្ថានការណ៍ឲ្យប្រសើរឡើងវិញ ។ កិច្ចប្រជុំនេះមានការចូលរួម ពីឯកឧត្ដម ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា​ ដោយផ្អែកទៅនឹងស្ថានភាពជាក់ស្ដែង នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម នាប៉ុន្មានថ្ងៃនេះ យើងអាចវាយតម្លៃផ្ដោតទៅលើកត្តា ៥ ចំណុច គឺ ៖ ១.ដោយសារប្រជាពលរដ្ឋ បានចាក់វ៉ាក់សាំងរួចហើយ មានការធ្វេសប្រហែស មិនបានអនុវត្តវិធានសុខាភិបា «៣ការពារ ៣កុំ» ។ ២.ការបណ្ដែតបណ្ដោយ និងការគ្រប់គ្រងអ្នកជំងឺដែលអនុញ្ញាតឲ្យនៅសម្រាកព្យាបាលនៅតាមផ្ទះ ច្បាស់លាស់ ជាពិសេស នៅពេលគាត់ឆ្លងរួចហើយ តែសុខភាពធម្មតា ហើយអាចចម្លងទៅអ្នកដទៃបាន ។ ៣.ការអនុញ្ញាត ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ តែសាមីខ្លួន មិនគោរពតាមវិធានសុខាភិបាល ។ ៤.ទាក់ទងជាមួយអារម្មណ៍របស់មនុស្ស នៅពេលបុណ្យទានម្ដងៗ ភ្លេចគិតគូរអំពីសុខភាព តាមរយៈ ធ្វើដំណើរពីតំបន់មួយ ទៅតំបន់មួយ ដើម្បីជួបជុំមិត្តភ័ក្រ ហើយហូបចុក ជាដើម ។ និង៥.ភាពធ្វេសប្រហែស របស់មន្ត្រី ឬអាជ្ញាធរមូលដ្ឋាន មិនបានត្រួតពិនិត្យ ឬចុះអន្តរាគមន៍ជាប្រចាំ ។

ឯកឧត្ដមអភិបាលខេត្ត បានថ្លែងបន្តថា​ ផ្អែកតាមស្ថានភាព នៃការវិវឌ្ឍ នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាប៉ុន្មានថ្ងៃនេះ ស្នើដល់អាជ្ញាធរក្រុង ស្រុក ទាំងអស់ ពង្រឹងគោលគោលជំហរ នៃការអនុវត្តភារកិច្ចឡេីងវិញ ដោយ ៖ ទី១.ត្រូវបង្កើនការផ្សព្វផ្សាយ អប់រំ ណែនាំទៅដល់ប្រជាពលរដ្ឋ ជាពិសេស នៅតាមទីប្រជុំជន ឬតាមទីផ្សារនានា ជាពិសេស ការអនុវត្តលើវិធានការសុខាភិបាល «៣កុំ ៣ការពារ» ឲ្យកាន់តែទូលំទូលាយថែមទៀត ដើម្បី ប្រជាពលរដ្ឋមានការភ្ញាក់រលឹកឡើងវិញ ។ ទី២.ពង្រឹងទៅលើការងារធ្វើចត្តាឡីស័កនៅតាមផ្ទះ ជាពិសេស ការដាក់ខ្សែ បូករួមនឹងការសរសេរបម្រាមការពារឲ្យបានត្រឹមត្រូវ ។ ជាមួយនោះ ត្រូវចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីធ្វើចត្តាឡីស័ក ។ ទី៣.មន្ទីរសុខាភិបាលត្រូវខិតខំ ធ្វើយ៉ាងណា ឲ្យយន្តការ នៃការព្យាបាលជំងឺនៅតាមផ្ទះ ជាពិសេស  ត្រូវមានក្រុមគ្រូពេទ្យពិនិត្យមើលអ្នកជំងឺឲ្យបានជាប្រចាំ និងហ្មត់ចត់បំផុត ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ក្រៅពីនោះ ជម្រុញដល់ការព្យាបាលជងឺ ឲ្យបានលឿនជាងមុន ។ ទី.៤.ត្រូវអនុវត្តវិធានការផ្លូវច្បាប់ ចំពោះជនខិលខូចទាំងឡាយ ដែលគេចវែស ការធ្វើចត្តាឡីស័ក និងការព្យាបាល បូករួមទាំងជនមិនគោរពតាមវិធានសុខាភិបាលផងដែរ ។ ទី៥.ត្រូវបន្តការគ្រប់គ្រងអ្នកចំណូលស្រុក ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត ។ ទី៦.ជម្រុញការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន និងតំបន់ ដែលមានហានិភ័យ ។ និងទី៧.ចំពោះ សាលារៀនវិញ មិនអនុញ្ញាតឲ្យបិទសាលាទាំងមូលនោះទេ ពោលគឺ បើមានករណីឆ្លងនៅថ្នាក់ណា ត្រូវបិទថ្នាក់នោះ ហើយអ្នកវិជ្ចមាន ត្រូវយកទៅព្យាបាល ។ រីឯអ្នកពាក់ព័ន្ធ ត្រូវយកធ្វើចត្តាឡីស័ក ។ យើងធ្វើបែបនេះ ដើម្បី បញ្ជៀសផលប៉ះពាល់ ទៅដល់ការសិក្សា របស់សិស្សានុសិស្ស ។

ជាមួយគ្នានោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានណែនាំ ទៅដល់អាជ្ញាធរក្រុង ស្រុក ក៏ដូចជា វិស័យពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា ធ្វើយ៉ាងណា កុំឲ្យស្ថានការណ៍នេះវិវឌ្ឍធ្ងន់ធ្ងរ និងរួមគ្នាគ្រប់គ្រងស្ថានការណ៍នេះ ឲ្យល្អប្រសើរ និងឈានទៅស្ងប់ស្ងាត់ទៅវិញ ៕