អភិបាលខេត្តកំពង់ធំ បានអញ្ជើញប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនជូនដល់វត្តដែលមានការខ្វះខាតចំនួន៣វត្ត ក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំ

កំពង់ធំ៖នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង សហការី បានអញ្ជើញប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនជូនដល់វត្តដែលមានការខ្វះខាតចំនួន៣វត្ត រួមមាន១-វត្តបុទុមរតន៍(ហៅវត្តក្រចាប់) ២-វត្តស្រយ៉ូវ ៣-វត្តក្តីអណ្ដែត ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជម្រាបជូនថា នៅក្នុងសម័យកូវីដ-១៩ នេះរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការឱ្យផ្អាកការរៀបចំពិធី បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។ ដើម្បីបង្ការទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ និងដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា សម្រាប់បងប្អូនប្រជាពលរដ្ឋក៏អាចយកចង្ហាន់ ឬទេយ្យទានទៅប្រគេនព្រះ ចៅអធិការវត្ត ឬគណៈកម្មការវត្តបានដែរ ក៏ប៉ុន្តែត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយមិនការជួបជុំប្រមូលដុំមនុស្សច្រើន គ្រាន់តែចាត់ចែងតំណាងឃុំ/ភូមិចូលរួមហើយបាន ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ ព្រមទាំងបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់គ្នា សូមមានការយោគយល់អធ្យាស្រ័យអំពីការផ្អាកនូវពិធីបិណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ មកដល់សហមន៍របស់យើង។

លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកអំពាវនាវដល់ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ បងប្អូនប្រជាពលរដ្ឋត្រូវរៀនរស់ក្នុងបរិបទកូវីដ១៩ និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ និងបន្តរក្សាដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ (៣ការពារ ៣កុំ )ឱ្យបានខ្ជាប់ខ្ជួនកុំធ្វេសប្រហែស ។

សូមបញ្ជាក់ផងថា ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវគ្រឿងឧបភោគប្រគេនក្នុង១វត្តទទួលបាន,អង្ករ ,មី ,ត្រី , ទឹកត្រី ,ទឹក ស៊ីអីវ ,ទឹកសុទ្ធ ,និងបច្ច័យមួយចំនួនផងដែរ។