ក្រុមឆក់យ៉ាងសកម្មជាច្រើនលើក ចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកែប សហការបង្រ្កាបនិងឃាត់ខ្លួន

(ខេត្តកែប)៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលព្រហ្មទណ្ឌ, កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន, កម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងអធិការដ្ឋាននគរបាលក្រុង ស្រុក សហការជាមួយនគរបាលខេត្តកំពត បានបង្រ្កាបករណីឆក់ចំនួន៣លើកផ្សេងគ្នា នៅថ្ងៃតែមួយ(ខេត្តកែបចំនួន១លើក និងខេត្តកំពតចំនួន២លើក)។

ប្រតិបត្តិការនេះដកហូតបានមធ្យោបាយប្រព្រឹត្តបទល្មើសចំនួន៩គ្រឿង(ម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ រួមមានឈ្មោះ៖
១-ឈ្មោះ សម្បត្តិ ធុន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
២-ឈ្មោះ សេង កែវ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
៣-ឈ្មោះ គួន សុខលី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
៤-ឈ្មោះ អៀង នឿន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិថ្មី ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត។
៥-ឈ្មោះ នាង រស្មី អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងរពៅ ឃុំត្រពាំងរពៅ ស្រុកទឹកឈូ ខេត្តកំពត។
៦-ឈ្មោះ លាង ច័ន្ទដារ៉ាប៊ុត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
៧-ឈ្មោះ នឹម ឆាត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីសាកសួរ។ ផ្អែកតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ ថាខ្លួនពិតជាបានប្រព្រឹត្តបទល្មើសឆក់កាបូប និងទូរសព្ទដៃកន្លងមកជាច្រើនលើកមកហើយ។

ចំពោះករណីខាងលើការិយាល័យជំនាញកំពុងបន្តស្រាវជ្រាវរកបក្ខពួកដែលពាក់ព័ន្ធនិងកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន២នាក់ ដែលប្រព្រឹត្តបទល្មើសនៅខេត្តកែប ទៅអយ្យការអមសាលាដំបូងខេត្តកែប និងជនសង្ស័យចំនួន៥នាក់ទៀត ដែលប្រព្រឹត្តបទល្មើសនៅខេត្តកំពត ប្រគល់ជូននគរបាលខេត្តកំពត ដើម្បីបន្តនីតិវិធីច្បាប់៕ សេង ណារិទ្ធ