រយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ ខេត្តកំពត ទទួលភ្ញៀវទេសចរចំនួន១០២,៥៩៨នាក់

0

ខេត្តកំពត៖ ក្នុងរយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ខេត្តកំពត បានទទួលអ្នកទេសចរចំនួន ១០២,៥៩៨ នាក់ ក្នុងនោះភ្ញៀវអន្តរជាតិផ្ទៃក្នុងចំនួន៧០៥នាក់។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរខេត្តកំពត បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០៨ខែតុលា ឆ្នាំ២០២១នេះថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោកបានធ្វើការប្រជុំផ្សព្វផ្សាយ ណែនាំដល់មន្ត្រី និងក្រុមការងារនៃមន្ទីរ ដោយបង្កើតក្រុមការងារចំនួន៤ ដើម្បីចុះត្រួតពិនិត្យតាមគោលដៅសំខាន់ៗ ពិសេសសេវាកម្មទេសចរណ៍នានាក្នុងខេត្ត សំដៅពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍(SOP)ឱ្យបានល្អប្រសើរ។ពិសេសវិធានការ ៣ការពារ ៣កុំ ក៏ដូចជាការបិទផ្សាយសារអប់រំការយល់ដឹងពីជំងឺកូវីដ-១៩។

លោកប្រធានបានបញ្ជាក់ទៀតថា ក្រៅពីនោះមន្ទីរបានចុះពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ព្រមទាំងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ឱ្យបានខ្ជាប់ខ្ជួន ពិសេសផ្សព្វផ្សាយអំពីវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការក្រសួងសុខាភិបាល។

ដោយឡែកចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅគ្រប់តំបន់ ភូមិសាស្ត្រខេត្ត ពិតជាមានលក្ខណៈល្អប្រសើរ។ រីឯចរាចរណ៍តាមដងផ្លូវពុំមានការកកស្ទះនោះទេ ដោយកម្លាំងសមត្ថកិច្ចបានអនុវត្ត បានយ៉ាងហ្មត់ចត់បំផុត៕

ដោយ៖ សេង ណារិទ្ធ