កម្លាំងនគរបាលស្រុកប្រាសាទបាគង ឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីលួចម៉ូតូប្រជាពលរដ្ឋក្នុងក្រុងសៀមរាប

កាលពីយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស៊ន់ ស៊ី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិឪឡោក ឃុំឪឡោក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងបានប្រគល់បន្តឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ដើម្បីចាត់ការតាមនិតិវិធីបន្ត ជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូប្រជាពលរដ្ឋក្នុងក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងបន្ទាប់ពីទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១កន្លងទៅ ថានៅចំណុចក្រុមហ៊ុនទឹកពិសារបរិសុទ្ធ ឡឺ គូលេន ស្តិតក្នុងកែងផ្លូវលេខ១៣ បុរីសៀងណំា ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន០២នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខសៀមរាប១N-៦១៦៨ ជារបស់ឈ្មោះ ជិន សារុំ ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកើតហេតុខាងលើ ខណះពេលជនរងគ្រោះកំពុងធ្វើការងារនៅជាន់លើ។ ក្រោយធ្វើសកម្មភាពលួចម៉ូតូបានហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ ហើយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះរួចហើយ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវដល់ទីកន្លែងកើតហេតុ និងធ្វើការកំណត់មុខសញ្ញាបាន ហើយបានធ្វើការសហការណ៍ជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីធ្វើការស្រាវជ្រាវ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា លុះឈានមកដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ក៏បានចេញល្បាតនៅតាមភូមិសាស្រ្តខាងលើ ហើយក៏បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ជនរងគ្រោះ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ មកធ្វើការសួរនាំ។ ក្រោយពីសួរនាំរួចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន និងគ្នាម្នាក់ទៀតឈ្មោះ ស្មី ភេទប្រុស មានទីលំនៅម្តុំខាងក្រោយវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/សៀមរាប។ ក្រោយសួរនាំរួចសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង ក៏បានប្រគល់ខ្លួនជនសង្ស័យទៅឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ដើម្បីបញ្ជូនខ្លួនបន្តទៅកាន់តុលាការ ដោះស្រាយតាមនិតិវិធីនៃច្បាប់បន្តទៀត៕