ក្រុមហ៊ុន អៀមមុនីសេដ្ឋា អ៊ិនវេសម៉ិន ប្រគល់អំណោយជា អង្ករ ចំនួន ៣តោន ជូនដល់រដ្ឋបាលខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន អៀមមុនីសេដ្ឋា អ៊ិនវេសម៉ិន បាននាំនូវអំណោយជា អង្ករចំនួន ៣តោន ប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប ដើមី្បចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ក្រោមវត្តមានរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនឺគណៈអភិបាលខេត្តសៀមរាប ។

មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមអាជ្ញាធរខេត្ត លោកស្រី យូ សុភា បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ក្រុមហ៊ុន អៀមមុនីសេដ្ឋា អ៊ិនវេសម៉ិន និងពាណិជ្ជករ ដែលតែងតែធ្វើការចែករំលែក និងជួយឧបត្ថម្ភដល់រដ្ឋបាលខេត្តសៀមរាប នៅពេលជួបទុក្ខលំបាក ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលបានកំពុងជួបនូវវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជាក្នុងពេលធ្វើការបិទខ្ទប់ និងកំពុងធ្វើចត្តាឡីស័កនៅតាមបណ្តាក្រុងស្រុក ក្នុងខេត្តសៀមរាបទាំងមូល។

លោកស្រ អភិបាលរងខេត្ត បានបន្តទៀតថា ចំពោះអំណោយដែលទទួលបាននៅពេលនេះ អាជ្ញាធរខេត្ត នឹងធ្វើការបែងចែកជូនទៅដល់តាមមណ្ឌលចត្តាឡីស័កក្រុងស្រុក ដែលបងប្អូនពលករដែលទើបវិលត្រឡប់មកពីក្រៅប្រទេស បានកំពុងស្នាក់នៅ ដើមី្បតាមដានពីសុខភាពរបស់ មុនពេលបងប្អូនទៅកាន់ភូមិដ្ឋានរបស់ខ្លួន ដើមី្បកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ចូលទៅក្នុងសហគមន៍។ ជាមួយគ្នានោះលោកស្រីក៏សូមសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវធ្វើការសម្របខ្លួនរៀនរស់នៅទៅតាម គន្លងបែបថ្មី ជាមួយកូវីដ-១៩ និងត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ទោះបីបងប្អូនបានចាក់វ៉ាក់សាំងបានគ្រប់ដូសក៏ពិតមែន ក៏ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ព្រោះថាកូវីដ-១៩ មិនរើសអើងដល់បុគ្គលណាម្នាក់ឡើយ នៅពេលដែលយើងមានការធ្វេសប្រហែសនោះ៕