ឯកឧត្តម ចាយ បូរិន ជំរុញដល់ក្រុមអ្នកច្បាប់ និងភ្នាក់ងារគណបក្ស ពីនីតិវិធីការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត​ ចំនួន៣ស្រុក ក្នុងខេត្តត្បូងឃ្មុំ 

ត្បូងឃ្មុំ​:​ ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការច្បាប់គណបក្សខេត្តត្បូងឃ្មុំ កាលពី​ថ្ងៃទី៩ និងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ​ បានអញ្ជើញចុះធ្វើបទបង្ហាញ ជំរុញណែនាំពាក់ព័ន្ធនីតិវិធីនៃការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៃការរៀបចំបញ្ជីឈ្មោះបោះឆ្នោត ដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្ស មេឃុំ និងជំទប់ឃុំ ក្នុងស្រុកតំបែរ ស្រុកអូររាំងឳ និងស្រុកពញាក្រែក។

ក្នុងឳកាសនោះ ឯកឧត្តម ចាយ បូរិន បានចែករំលែកបទពិសោធន៍ ចំណេះដឹង និងធ្វើបទបង្ហាញពីច្បាប់ និងបទបញ្ជានិងនីតិវិធី នានានៃការចុះឈ្មោះនិងពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ ដែលនិងប្រព្រឹត្តទៅនៅពេលខាងមុខនេះ ។

អ្នកតំណាងរាស្ត្ររូបនេះបានបន្តថា ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្សទាំងអស់ ត្រូវមានក្រមសីលធម៌ត្រឹមត្រូវ ក្នុងការអនុវត្តបំពេញភារកិច្ចរបស់ខ្លួន ដើម្បីលើកកំពស់ការចាត់តាំងអនុវត្តការងារបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ។

ជាមួយគ្នា​នោះ​ ឯកឧត្តម ចាយ បូរិន ក៏បានសំណូមពរ ដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណៈបក្ស មេឃុំ និងជំទប់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតដូចជាអ្នកទើបតែផ្លាស់ប្តូរទីលំនៅអ្នកទើបត្រឡប់ពីសំណាកស្រុកអ្នកគ្មានអតញ្ញាណប័ណ្ណ អ្នកទើបគ្រប់អាយុ១៨ ឆ្នាំបានទៅចុះឈ្មោះ គ្រប់ៗគ្នាក្នុងរយៈពេលនៃការរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០២១ ចាប់ពីថ្ងៃទី១២ខែតុលាដល់ថ្ងៃទី៣០​ ខែវិច្ឆិការ​ ឆ្នាំ២០២១​។ ដោយឃើញថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅសល់ពេលវេលាប្រមាណ៥០ថ្ងៃប៉ុណ្ណោះ​ ដូច្នេះយើងត្រូវចូលរួមដោះស្រាយបញ្ហានេះ​ឲ្យ​ទទួលបានជោគជ័យ ក្នុងរយៈពេលចុះឈ្មោះ​ និងពិនិត្យបញ្ជីឈ្មោះការផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត តាមការកំណត់របស់ គ.ជ.ប​ ៕