អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពច្រាំងទន្លេ ដែលរងការបាក់ស្រុត បណ្តាលឲ្យប៉ះពាល់ដល់លំនៅឋានពលរដ្ឋនៅស្រុកកងមាស

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជា ប្រធាន គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត នាព្រឹក ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ នេះ បាន ដឹកនាំ មន្ត្រី ជំនាញ ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន ចុះពិនិត្យ ស្ថានភាព ច្រាំង ទន្លេ ដែលរងការបាក់ស្រុត បណ្តាលឲ្យ ប៉ះពាល់ ដល់ លំនៅឋាន ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិល្វាលេី ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ជំរុញ ដាក់ ផែនការ ឲ្យ មន្ទីរ ធនធាន ទឹក និង ឧតុនិយម រួម នឹង អាជ្ញាធរ មូលដ្ឋាន ត្រូវ ប្រមូល ទិន្នន័យ ឲ្យ បាន គ្រប់ ជ្រុងជ្រោយ ផង ដែរ ដេីម្បី ឈាន ទៅ ដល់ បង្កើត ផែនការ ដោះស្រាយ បញ្ហា ចំពោះ មុខ ព្រោះ ក្នុង ១ឆ្នាំ ៗ មាន ប្រជាពលរដ្ឋ ជា ច្រើន គ្រួសារ ដែលត្រូវ ប្រឈម និង រងគ្រោះ ដោយ ការ បាក់ ច្រាំង ជាបន្តបន្ទាប់ ។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ ប្រេង ម៉ាស៊ូត ចំនួន ៣០០លីត្រ ជូនដល់ គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយស្រុកកងមាស ដេីម្បីធ្វេីការបូមរំដោះទឹកចេញពីក្នុង ភូមិឋាន របស់ពលរដ្ឋ ដែលជា ជំនាន់ ទឹកភ្លៀង ដក់នៅទីនោះផងដែរ ។

លោក ភោគ សាវុធ អភិបាលស្រុកកងមាស បាន ឲ្យដឹងថា ក្នុងចំណោម ប្រជាពលរដ្ឋ ១០គ្រួសារ កំពុងរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេនេះ មានប្រជាពលរដ្ឋ ១គ្រួសារ ប្រឈមខ្លាំងដែលត្រូវរុះរើជាបន្ទាន់ ។
លោកអភិបាលស្រុក បានបញ្ជាក់ដែរថា គ្រោះធម្មជាតិបាក់ស្រុតច្រាំង នៅចំណុចខាងលើនេះ បណ្តាលឲ្យដាច់ផ្លូវប្រវែង ១៥ម៉ែត្រ ។ ដោយឡែក ច្រាំងទន្លេដែលបានបាក់ស្រុតនោះមានទំហំ ទទឹង ១០ម៉ែត្រ បណ្តោយ ១០០ម៉ែត្រ មិនបណ្តាលឲ្យខូចខាត ផ្ទះ សំបែង ប្រជាពលរដ្ឋនោះទេ តែផ្ទះប្រជាពលរដ្ឋ ចំនួន ៥គ្រួសារ កំពុងរងផលប៉ះពាល់ ក្នុងនោះ ៤គ្រួសារ ប្រឈម តិចតួច និង ១គ្រួសារ ប្រឈមខ្លាំងដែលត្រូវរុះរើ ជាបន្ទាន់ ។ លោកក៏បានអះអាងថា ផ្អែកតាមការចុះពិនិត្យជាក់ស្ដែង មូលហេតុដែលបណ្ដាលឲ្យបាក់ស្រុតនោះ គឺដោយសារមានផ្លូវទឹក នៅខាងក្រោមដីនោះ ៕