សម្ដេចក្រឡាហោម ស ខេង បន្ដអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ

នារសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្ដអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ងួន រតនៈ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ជំនួសឯកឧត្តម សុខ លូ ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រងបានសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុតតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងវិញ។
សូមជម្រាប់ជូនថា នាព្រឹកថ្ងៃចន្ទ ទី១១ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម សុខ លូ ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសឯកឧត្តម ងួន រតនៈ។
ពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលកំពង់ធំ នារសៀលថ្ងៃនេះ ត្រូវបានរៀបធ្វើឡើងនៅសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀត ព្រមទាំង អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុខាភិបាល ដើម្បីបង្ការ ការពារជំងឺកូវីដ-១៩។
នាឱកាសនោះដែរ ឯកឧត្តម សុខ លូ អតីតអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដែលបច្ចុប្បន្នកំពុកកាន់តំណែងជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងវិញ បានធ្វើសេចក្តីរាយការណ៍សង្ខេបជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលអំពីស្ថានភាពទូទៅ នៃវឌ្ឍនភាពសម្រេចបានក្នុងខេត្តកំពង់ធំ នាពេលកន្លងទៅ ថា ខេត្តកំពង់ធំ មានផ្ទៃដីសរុបចំនួន១៥.០៦១គីឡូម៉ែត្រ ស្មើនឹង១.៥០៦.១៩៧ហិកតា ចែកជាពីរសណ្ឋានដីគឺតំបន់ខាងក្រោម ផ្លូវជាតិលេខ៦ ជាតំបន់វាលទំនាប លាតសន្ទឹងរហូតដល់មាត់បឹងទន្លេសាបមានលក្ខណៈ អំណោយផលដល់ដំណាំស្រូវ និងការនេសាទ។ តំបន់ខាងលើផ្លូវជាតិលេខ៦ ជាតំបន់ខ្ពស់រាបមានលក្ខណៈអំណោយផលសម្រាប់ដំណាំកៅស៊ូ ស្វាយចន្ទី និងដំឡូងមី ជាដើម។
ឯកឧត្តម បានបន្ដថា ក្រៅពីកិច្ចការកសិកម្ម ខេត្តកំពង់ធំ ក៏មានរមណីដ្ឋានដែលមានសក្ដានុពលក្នុងខេត្តគឺរមណីដ្ឋានប្រាសាទសំបូរព្រៃគុក ជារមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ដ្រ ដែលទើបដាក់ចូលជាសម្បត្តិបេតិភ័ណ្ឌពិភពលោក។ ក្រៅពីនេះ ក៏មានរមណីដ្ឋាននានា ដូចជា ៖ ភ្នំសន្ទុក ស្ទឹងជីនិត ប្រាសាទ គុហនគរ ស្ទឹងព្រៃប្រស់ បឹងសំរិទ្ធ ដែលមានភ្ញៀវទេសចរណ៍ចូលចិត្តទៅទស្សនាកំសាន្ដច្រើន។

បន្ទាប់ពីបានស្តាប់នូវការធ្វើសេចក្តីរាយការណ៍សង្ខេបរបស់ ឯកឧត្តម សុខ លូ រួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្តជូន ឯកឧត្តម ងួន រតនៈ ដើម្បីមុខការទទួលខុសត្រូវ លើតួនាទីភារកិច្ច ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំថ្មី។

ក្រោយទទួលតំណែងជាផ្លូវការរួច ឯកឧត្តម ងួន រតនៈ ក៏បានធ្វើការប្ដេជ្ញាចិត្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យបានសម្រេចលទ្ធផលជាផ្លែផ្កា ជាពិសេសនោះ ចូលរួមយ៉ាងសកម្មខ្លាំងក្លា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដូចជា៖ កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិតាមគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ ការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍រដ្ឋបាលឯកភាព គណនេយ្យភាព ចំពោះ រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រុមប្រឹក្សាខេត្ត។
ឯកឧត្តម បានបន្ថែមថា ឯកឧត្តមនិងខិតខំពង្រឹងការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ព្រមទាំងជំរុញឱ្យបានសកម្មផុលផុសក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព សំដៅពង្រឹងស្ថេរភាព សន្តិសុខសង្គម រឹងមាំដើម្បីភាពសុខសាន្ត ជាឧត្តមប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបរ ការវិនិយោគ និងសកម្មភាពសេដ្ឋកិច្ច-សង្គមដ៏ទៃទៀតមានដំណើរការធម្មតា និងរស់រវើក ព្រមទាំង ពង្រឹង ពង្រីកការកសាងសមិទ្ធផលនានា និងជំរុញកិច្ចអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យឱ្យមានការរីកចម្រើនប្រកបដោយចីរភាព ក្នុងនោះយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលជាអាទិភាព ឱ្យស្របតាមពេលវេលា និងលទ្ធភាពនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជា ការដោះស្រាយសំណូមពរចាំបាច់ ការដោះស្រាយបញ្ហាទំនាស់ផ្សេងៗ បង្កើនការផ្តល់សេវាតម្រូវការផ្សេងៗឱ្យមានភាពប្រសើរឡើង។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម សុខ លូ ដែលខិតខំសម្របសម្រួលដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍន៍ខេត្តកំពង់ធំឱ្យមានការរីកចម្រើន និងសម្រេចបានសមទ្ធផលនានាជាច្រើន ក្នុងពេលឯកឧត្តម កាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ក្នុងរយៈពេលប្រមាណ ជិត៥ឆ្នាំកន្លងមកនេះ។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏មានជំនឿមុតមាំថា ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំថ្មី នឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ របស់ខ្លួនបន្ដដឹកនាំសម្របសម្រួល នៅការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍន៍ខេត្តកំពង់ធំឱ្យមានការរីកចម្រើនបន្ថែមទៀត។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ក៏បានស្នើដល់ក្រុមប្រឹក្សាខេត្តកំពង់ធំ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ-សង្កាត់ មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំង ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ផ្ដល់ការគាំទ្រដល់ឯកឧត្តម ងួន រតនៈ ដើម្បីឱ្យឯកឧត្តម មានលទ្ធភាពច្រើនទៀត ក្នុងការបន្ដថែរក្សា ពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍ខេត្តកំពង់ធំឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត៕